1. ព្រះយេស៊ូចាប់ផ្ដើមបង្រៀនបណ្ដាជននៅតាមឆ្នេរសមុទ្រម្ដងទៀត។ មានបណ្ដាជនច្រើនកុះករនាំគ្នាមករកព្រះអង្គ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយ នៅក្បែរមាត់ច្រាំង រីឯបណ្ដាជនអង្គុយនៅលើគោក តាមឆ្នេរសមុទ្រ។
2. ព្រះអង្គប្រើពាក្យប្រស្នាបង្រៀនគេអំពីសេចក្ដីជាច្រើន។ ព្រះអង្គបង្រៀនគេថា៖
3. «ចូរស្ដាប់ មានបុរសម្នាក់ចេញទៅព្រោះស្រូវ។
4. ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។
5. មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្មពុំសូវមានដី គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។
6. លុះដល់ថ្ងៃក្ដៅ ពន្លកដែលដុះឡើងនោះ ក៏ក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនបានជ្រៅ។
7. មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីដែលមានបន្លា។ បន្លាក៏ដុះឡើងរួបរឹតស្រូវ មិនឲ្យបង្កើតផលបានឡើយ។
8. គ្រាប់ពូជឯទៀតៗធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជក៏ដុះឡើង ហើយលូតលាស់បង្កើតផល ខ្លះឲ្យផលមួយជាសាមសិប ខ្លះទៀតឲ្យមួយជាហុកសិប និងខ្លះទៀតមួយជាមួយរយ»។
9. បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
10. កាលព្រះយេស៊ូគង់នៅដាច់ឡែកពីបណ្ដាជន អស់អ្នកដែលនៅជាមួយព្រះអង្គ និងសិស្សទាំងដប់ពីររូប ទូលសួរព្រះអង្គអំពីពាក្យប្រស្នាទាំងនោះ។
11. ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានឲ្យអ្នករាល់គ្នា យល់គម្រោងការដ៏លាក់កំបាំងនៃព្រះរាជ្យ*របស់ព្រះអង្គ។ រីឯអ្នកដទៃ គេឮសេចក្ដីទាំងអស់ជាពាក្យប្រស្នាវិញ។