21. ព្រះញាតិវង្សរបស់ព្រះអង្គឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមក ដើម្បីចាប់ព្រះអង្គទៅវិញ ព្រោះគេថា ព្រះអង្គវង្វេងស្មារតីហើយ។
22. ពួកអាចារ្យ* ដែលចុះមកពីក្រុងយេរូសាឡឹមនិយាយថា៖ «អ្នកនេះមានបេលសេប៊ូលជាស្ដេចអារក្សនៅក្នុងខ្លួន គាត់អាចដេញអារក្សដូច្នេះ ព្រោះស្ដេចអារក្សប្រគល់អំណាចឲ្យ»។
23. ព្រះយេស៊ូត្រាស់ហៅគេមក រួចមានព្រះបន្ទូលជាប្រស្នាថា៖ «តើមារ*សាតាំងអាចដេញមារសាតាំងដូចម្ដេចកើត?
24. ប្រសិនបើពលរដ្ឋក្នុងនគរណាមួយបែកបាក់ទាស់ទែងគ្នាឯង នគរនោះពុំអាចស្ថិតស្ថេរគង់វង្សតទៅមុខឡើយ។
25. ប្រសិនបើមានក្រុមគ្រួសារមួយបែកបាក់ទាស់ទែងគ្នា ក្រុមគ្រួសារនោះក៏ពុំអាចនៅស្ថិតស្ថេរគង់វង្សដែរ។
26. ដូច្នេះ ប្រសិនបើមារសាតាំងក្រោកឡើងប្រឆាំងនឹងខ្លួនឯង បែកបាក់ទាស់ទែងនឹងខ្លួនឯង វាមិនអាចនៅស្ថិតស្ថេរគង់វង្សឡើយ គឺវាមុខជាត្រូវវិនាសមិនខាន។
27. គ្មាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយប្លន់យកទ្រព្យសម្បត្តិរបស់គាត់បានឡើយ គឺត្រូវតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះគាត់បាន។
28. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើមនុស្សលោកធ្វើអំពើបាប និងពោលពាក្យប្រមាថព្រះជាម្ចាស់ ព្រះអង្គនឹងលើកលែងទោសទាំងអស់។
29. រីឯអ្នកដែលពោលពាក្យប្រមាថព្រះវិញ្ញាណដ៏វិសុទ្ធវិញ ព្រះអង្គមិនលើកលែងទោសសោះឡើយ ដ្បិតអ្នកនោះមានទោសអស់កល្បជានិច្ច»។