12. ប៉ុន្តែ ព្រះយេស៊ូបានគំរាមកំហែងវាយ៉ាងម៉ឺងម៉ាត់ មិនឲ្យនិយាយប្រាប់គេថាព្រះអង្គជានរណាឡើយ។
13. បន្ទាប់មក ព្រះយេស៊ូយាងឡើងទៅលើភ្នំ។ ព្រះអង្គបានត្រាស់ហៅអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យជ្រើសរើស ហើយអ្នកទាំងនោះក៏ចូលមកគាល់ព្រះអង្គ។
14. ព្រះអង្គតែងតាំងសាវ័កដប់ពីររូបឲ្យគេនៅជាមួយព្រះអង្គ និងដើម្បីចាត់គេឲ្យទៅប្រកាសដំណឹងល្អ
15. ទាំងឲ្យគេមានអំណាចដេញអារក្សថែមទៀតផង។
16. ព្រះអង្គបានតែងតាំងអ្នកដប់ពីររូបនេះ គឺស៊ីម៉ូនដែលទ្រង់ដាក់ឈ្មោះថា ពេត្រុស
17. យ៉ាកុបជាកូនរបស់លោកសេបេដេ និងយ៉ូហានជាប្អូនរបស់គាត់ ដែលព្រះយេស៊ូដាក់ឈ្មោះថា “បោនអ៊ើកេ” ប្រែថា “អ្នកដែលមានចិត្តខ្លាំងដូចផ្គរលាន់”
18. អនទ្រេ ភីលីព បារថូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនអាល់ផាយ ថាដេ ស៊ីម៉ូនជាអ្នកជាតិនិយម
19. និងយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គ។
20. កាលព្រះយេស៊ូយាងត្រឡប់មកផ្ទះវិញ បណ្ដាជនជួបជុំគ្នាសាជាថ្មី ជាហេតុនាំឲ្យព្រះអង្គ និងពួកសិស្ស*រកពេលបរិភោគមិនបានសោះ។
21. ព្រះញាតិវង្សរបស់ព្រះអង្គឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមក ដើម្បីចាប់ព្រះអង្គទៅវិញ ព្រោះគេថា ព្រះអង្គវង្វេងស្មារតីហើយ។
22. ពួកអាចារ្យ* ដែលចុះមកពីក្រុងយេរូសាឡឹមនិយាយថា៖ «អ្នកនេះមានបេលសេប៊ូលជាស្ដេចអារក្សនៅក្នុងខ្លួន គាត់អាចដេញអារក្សដូច្នេះ ព្រោះស្ដេចអារក្សប្រគល់អំណាចឲ្យ»។
23. ព្រះយេស៊ូត្រាស់ហៅគេមក រួចមានព្រះបន្ទូលជាប្រស្នាថា៖ «តើមារ*សាតាំងអាចដេញមារសាតាំងដូចម្ដេចកើត?