ម៉ាកុស 3:1-11 Khmer Standard Version (KHSV)

1. ព្រះ‌យេស៊ូ​យាង​ចូល​ទៅ​សាលា​ប្រជុំ*​ម្ដង​ទៀត នៅ​ទី​នោះ មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង។

2. ពួក​គេ​តាម​មើល​ព្រះ‌យេស៊ូ ក្រែង​លោ​ព្រះ‌អង្គ​ប្រោស​បុរស​នេះ​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ* ក្នុង​គោល​បំណង​ចោទ​ប្រកាន់​ព្រះ‌អង្គ។

3. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង មក​ឈរ​នៅ​កណ្ដាល​គេ​ឯ‌ណេះ!»។

4. បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ទៅ​គេ​ថា៖ «នៅ​ថ្ងៃ​សប្ប័ទ តើ​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​អំពើ​ល្អ ឬ​ធ្វើ​អំពើ​អាក្រក់? តើ​ត្រូវ​សង្គ្រោះ​មនុស្ស ឬ​ប្រហារ​ជីវិត​ចោល?»។ ពួក​គេ​នៅ​ស្ងៀម​ទាំង​អស់​គ្នា។

5. ព្រះ‌យេស៊ូ​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មើល​ទៅ​អ្នក​ដែល​នៅ​ជុំ‌វិញ ទាំង​ព្រះ‌ពិរោធ ហើយ​ព្រះ‌អង្គ​ព្រួយ​ព្រះ‌ហឫទ័យ ព្រោះ​គេ​មាន​ចិត្ត​រឹង‌រូស។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​លាត​ដៃ​មើល៍!»។ បុរស​នោះ​លាត​ដៃ ហើយ​ដៃ​របស់​គាត់​ក៏​បាន​ជា​ដូច​ដើម​វិញ។

6. ពួក​ខាង​គណៈ​ផារី‌ស៊ី*​ចេញ​ពី​សាលា​ប្រជុំ* ហើយ​ទៅ​ពិគ្រោះ​ជា​មួយ​បក្ស​ពួក​ស្ដេច​ហេរ៉ូដ​ភ្លាម ដើម្បី​រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះ‌យេស៊ូ។

7. ព្រះ‌យេស៊ូ​យាង​ចេញ​ទៅ​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ​ជា​មួយ​ពួក​សិស្ស*។ មាន​បណ្ដា‌ជន​ជា​ច្រើន​នាំ​គ្នា​ទៅ​តាម​ព្រះ‌អង្គ អ្នក​ទាំង​នោះ​មក​ពី​ស្រុក​កាលី‌ឡេ ស្រុក​យូដា

8. ក្រុង​យេរូ‌សាឡឹម ស្រុក​អេដុម តំបន់​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ព្រម​ទាំង​តំបន់​ជុំ‌វិញ​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន។ បណ្ដា‌ជន​មក​តាម​ព្រះ‌យេស៊ូ​ច្រើន​យ៉ាង​នេះ ព្រោះ​បាន​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​ធ្វើ។

9. ព្រះ‌យេស៊ូ​ប្រាប់​ពួក​សិស្ស*​ឲ្យ​រៀបចំ​ទូក​មួយ​ថ្វាយ​ព្រះ‌អង្គ ក្រែង​បណ្ដា‌ជន​ប្រជ្រៀត​គ្នា​ចោម‌រោម​ព្រះ‌អង្គ

10. ដ្បិត​មាន​អ្នក​ជំងឺ​ជា​ច្រើន​ខំ​ប្រឹង​សម្រុក​ចូល​មក​ជិត ដើម្បី​ពាល់​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​ប្រោស​មនុស្ស​ជា​ច្រើន​ឲ្យ​បាន​ជា។

11. ម្យ៉ាង​ទៀត ពេល​វិញ្ញាណ​អាក្រក់​ឃើញ​ព្រះ‌អង្គ វា​ក្រាប​ចុះ​នៅ​ទៀប​ព្រះ‌បាទា ហើយ​ស្រែក​ឡើង​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់»។

ម៉ាកុស 3