7. មានបុរសម្នាក់ ឈ្មោះបារ៉ាបាសជាប់ឃុំឃាំងជាមួយពួកបះបោរ ដែលសម្លាប់មនុស្សម្នាក់នៅពេលកើតចលាចល។
8. បណ្ដាជននាំគ្នាឡើងទៅជួបលោកពីឡាត សុំឲ្យលោកដោះលែងអ្នកទោសម្នាក់ តាមទម្លាប់ដែលលោកធ្លាប់អនុគ្រោះដល់គេ។
9. លោកពីឡាតមានប្រសាសន៍សួរថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្ដេចយូដាឬ?»។
10. លោកមានប្រសាសន៍ដូច្នេះ មកពីលោកជ្រាបថា ពួកនាយកបូជាចារ្យបញ្ជូនព្រះយេស៊ូមកលោក ព្រោះពួកគេមានចិត្តច្រណែន។
11. ពួកនាយកបូជាចារ្យ*នាំគ្នាបញ្ចុះបញ្ចូលបណ្ដាជនសុំឲ្យលោកពីឡាតដោះលែងបារ៉ាបាសវិញ។
12. លោកពីឡាតមានប្រសាសន៍ទៅគេម្ដងទៀតថា៖ «បើដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំធ្វើអ្វីដល់អ្នកដែលអ្នករាល់គ្នាហៅថា ស្ដេចយូដានេះ?»។
13. គេស្រែកឡើងថា៖ «ឆ្កាងទៅ!»។
14. លោកពីឡាតសួរថា៖ «តើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វី?»។ ប៉ុន្តែ គេនាំគ្នាស្រែកកាន់តែខ្លាំងឡើងៗថា៖ «ឆ្កាងទៅ!»។
15. លោកពីឡាតចង់បំពេញចិត្តបណ្ដាជន ក៏ដោះលែងបារ៉ាបាស។ បន្ទាប់ពីបញ្ជាឲ្យគេវាយព្រះយេស៊ូនឹងរំពាត់រួចហើយ លោកប្រគល់ទៅឲ្យគេឆ្កាង។
16. ពួកទាហានបណ្ដើរព្រះយេស៊ូទៅក្នុងទីធ្លាបន្ទាយ ហើយហៅកងទាហានទាំងមូលមក។
17. គេយកអាវពណ៌ក្រហមទុំមកពាក់ឲ្យព្រះអង្គ រួចយកបន្លាមកក្រងធ្វើភួងបំពាក់ជាមកុដលើព្រះសិរសាព្រះអង្គ។
18. គេក៏នាំគ្នាសំពះព្រះអង្គ ទាំងពោលថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា!»។
19. គេយកផ្ដៅវាយព្រះសិរសាព្រះអង្គ គេស្ដោះទឹកមាត់ដាក់ព្រះអង្គ ព្រមទាំងលុតជង្គង់ថ្វាយបង្គំព្រះអង្គថែមទៀតផង។
20. ក្រោយពីបានប្រមាថមើលងាយព្រះអង្គរួចហើយ ពួកគេដោះអាវពណ៌ក្រហមចេញ យកព្រះពស្ដ្ររបស់ព្រះអង្គមកពាក់ថ្វាយព្រះអង្គវិញ ហើយបណ្ដើរយកទៅឆ្កាង។