ម៉ាកុស 15:18-36 Khmer Standard Version (KHSV)

18. គេ​ក៏​នាំ​គ្នា​សំពះ​ព្រះ‌អង្គ ទាំង​ពោល​ថា៖ «សូម​គោរព​ថ្វាយ‌បង្គំ​ស្ដេច​យូដា!»។

19. គេ​យក​ផ្ដៅ​វាយ​ព្រះ‌សិរសា​ព្រះ‌អង្គ គេ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះ‌អង្គ ព្រម​ទាំង​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ថែម​ទៀត​ផង។

20. ក្រោយ​ពី​បាន​ប្រមាថ​មើល‌ងាយ​ព្រះ‌អង្គ​រួច​ហើយ ពួក​គេ​ដោះ​អាវ​ពណ៌​ក្រហម​ចេញ យក​ព្រះ‌ពស្ដ្រ​របស់​ព្រះ‌អង្គ​មក​ពាក់​ថ្វាយ​ព្រះ‌អង្គ​វិញ ហើយ​បណ្ដើរ​យក​ទៅ​ឆ្កាង។

21. ពេល​នោះ មាន​បុរស​ម្នាក់​ជា​អ្នក​ស្រុក​គីរ៉ែន​ត្រឡប់​មក​ពី​ចម្ការ គេ​ចាប់​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ។ អ្នក​នោះ​ឈ្មោះ​ស៊ីម៉ូន ជា​ឪពុក​របស់​អលេ‌ក្សាន‌ត្រុស និង​រូភូស។

22. គេ​បណ្ដើរ​ព្រះ‌យេស៊ូ​មក​ដល់​កន្លែង​មួយ ឈ្មោះ “គាល់‌កូថា” ដែល​ប្រែ​ថា “ភ្នំ​លលាដ៍​ក្បាល”។

23. គេ​យក​ស្រា​ទំពាំង‌បាយជូរ​លាយ​ជា​មួយ​គ្រឿង‌ញៀន​ម្យ៉ាង មក​ថ្វាយ​ព្រះ‌អង្គ​សោយ ប៉ុន្តែ ព្រះ‌អង្គ​ពុំ​បាន​សោយ​ទេ។

24. គេ​ក៏​ឆ្កាង​ព្រះ‌អង្គ ហើយ​យក​សម្លៀក‌បំពាក់​របស់​ព្រះ‌អង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា។

25. គេ​ឆ្កាង​ព្រះ‌អង្គ​នៅ​ម៉ោង​ប្រាំ​បួន​ព្រឹក។

26. គេ​សរសេរ​ប្រកាស​អំពី​ហេតុ​ដែល​គេ​ធ្វើ​ទោស​ព្រះ‌អង្គ​ថា«ស្ដេច​ជន‌ជាតិ​យូដា»។

27. គេ​ក៏​បាន​ឆ្កាង​ចោរ​ព្រៃ​ពីរ​នាក់​ជា​មួយ​ព្រះ‌យេស៊ូ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះ‌អង្គ។ [

28. ហេតុ‌ការណ៍​នេះ​កើត​ឡើង​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «ព្រះ‌អង្គ​ត្រូវ​គេ​រាប់​បញ្ចូល​ជា​មួយ​មនុស្ស​អាក្រក់»។]

29. មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ​ប្រមាថ​មើល‌ងាយ​ព្រះ‌អង្គ ទាំង​គ្រវី​ក្បាល​ដាក់​ព្រះ‌អង្គ និង​ពោល​ថា៖ «នែ៎ អ្នក​រុះ​ព្រះ‌វិហារ* ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ

30. សង្គ្រោះ​ខ្លួន​ឯង​ទៅ អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​មក!»។

31. រីឯ​ពួក​នាយក​បូជា‌ចារ្យ និង​អាចារ្យ* ក៏​និយាយ​គ្នា​ចំអក​ឲ្យ​ព្រះ‌អង្គ​ដូច​គេ​ដែរ ពួក​គេ​ពោល​ថា៖ «គាត់​បាន​សង្គ្រោះ​អ្នក​ឯ​ទៀតៗ តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ!។

32. សូម​ព្រះ‌គ្រិស្ដ ជា​ស្ដេច​អ៊ីស្រា‌អែល អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក ដើម្បី​ឲ្យ​យើង​ឃើញ និង​ជឿ​ផង!»។ អ្នក​ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌យេស៊ូ ក៏​ជេរ​ប្រមាថ​ព្រះ‌អង្គ​ដែរ។

33. នៅ​ពេល​ថ្ងៃ​ត្រង់ ស្រាប់​តែ​ផែន‌ដី​ទាំង​មូល​ងងឹត​សូន្យ រហូត​ដល់​ម៉ោង​បី​រសៀល។

34. នៅ​វេលា​ម៉ោង​បី​រសៀល ព្រះ‌យេស៊ូ​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេឡយ អេឡយ ឡាម៉ា‌សាបាច់‌ថានី?» ពាក្យ​នេះ​ប្រែ​ថា «ឱ​ព្រះ‌នៃ​ទូលបង្គំ ព្រះ‌នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ទូលបង្គំ​ចោល​ដូច្នេះ?»។

35. អ្នក​ខ្លះ​ឈរ​នៅ​ទី​នោះ បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ក៏​ពោល​ថា៖ «ឃើញ​ទេ! គាត់​ហៅ​លោក​អេលីយ៉ា!»។

36. មាន​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ​ជោក រុំ​ជាប់​នៅ​ចុង​ត្រែង​មួយ​ដើម ហុច​ថ្វាយ​ព្រះ‌អង្គ​សោយ​ទាំង​ពោល​ថា៖ «ចាំ​មើល​មើល៍ តើ​លោក​អេលីយ៉ា​មក​យក​គាត់​ចុះ​ពី​ឈើ​ឆ្កាង​ឬ​ទេ?»។

ម៉ាកុស 15