61. ព្រះយេស៊ូនៅស្ងៀម ពុំឆ្លើយតបទាល់តែសោះ។ លោកមហាបូជាចារ្យសួរព្រះអង្គម្ដងទៀតថា៖ «តើអ្នកពិតជាព្រះគ្រិស្ដ ជាព្រះបុត្រារបស់ព្រះ ដែលយើងសរសើរតម្កើងមែនឬ?»។
62. ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «មែន គឺខ្ញុំហ្នឹងហើយ។ អស់លោកនឹងឃើញ បុត្រមនុស្ស*គង់នៅខាងស្ដាំព្រះដ៏មានឫទ្ធានុភាព ហើយនឹងយាងមកជាមួយពពក*នៅលើមេឃ»។
63. លោកមហាបូជាចារ្យឮដូច្នេះ ក៏ហែកអាវរបស់លោក ហើយមានប្រសាសន៍ថា៖ «យើងមិនបាច់រកសាក្សីឯណាទៀតទេ
64. អស់លោកឮជននេះពោលពាក្យប្រមាថព្រះជាម្ចាស់ស្រាប់ហើយ តើអស់លោកគិតដូចម្ដេច?»។ គេបានសម្រេចចិត្តទាំងអស់គ្នា កាត់ទោសប្រហារជីវិតព្រះយេស៊ូ។
65. អ្នកខ្លះនាំគ្នាស្ដោះទឹកមាត់ដាក់ព្រះអង្គ គេគ្របព្រះភ័ក្ត្រព្រះអង្គ វាយតប់ព្រះអង្គ ហើយសួរថា៖ «ទាយមើល៍!»។ កងរក្សាព្រះវិហារយកព្រះយេស៊ូមកទះកំផ្លៀង។
66. ពេលលោកពេត្រុសនៅក្នុងទីធ្លា មានស្ត្រីបម្រើម្នាក់របស់លោកមហាបូជាចារ្យមកដល់។
67. នាងឃើញលោកពេត្រុសកំពុងអាំងភ្លើង ក៏សម្លឹងមើលមុខគាត់ឲ្យបានច្បាស់ រួចពោលថា៖ «អ្នកឯងក៏ជាបក្សពួករបស់យេស៊ូ ជាអ្នកភូមិណាសារ៉ែតដែរ!»។
68. ប៉ុន្តែ លោកប្រកែកឡើងថា៖ «ខ្ញុំមិនដឹងទេ ខ្ញុំមិនយល់ថានាងចង់និយាយអំពីរឿងអ្វីឡើយ»។ លោកពេត្រុសក៏ចេញពីទីនោះ ឆ្ពោះទៅខ្លោងទ្វារខាងក្រៅ ពេលនោះ មាន់រងាវឡើង។
69. ស្ត្រីបម្រើឃើញលោកពេត្រុស ក៏ប្រាប់អស់អ្នកដែលនៅទីនោះម្ដងទៀតថា៖ «អ្នកនេះជាបក្សពួកគេដែរ»។
70. លោកពេត្រុសប្រកែកសាជាថ្មី។ បន្តិចក្រោយមក អស់អ្នកដែលនៅទីនោះនិយាយទៅលោកពេត្រុសទៀតថា៖ «អ្នកឯងប្រាកដជាបក្សពួកអ្នកទាំងនោះមែន ព្រោះអ្នកឯងជាអ្នកស្រុកកាលីឡេដូចគ្នា»។
71. លោកពេត្រុសក៏និយាយឡើងថា៖ «បើខ្ញុំកុហក សូមឲ្យព្រះជាម្ចាស់ដាក់ទោសខ្ញុំចុះ ខ្ញុំសុំស្បថថា ខ្ញុំមិនដែលស្គាល់អ្នកនោះទាល់តែសោះ»។