48. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំជាចោរព្រៃឬ បានជាអស់លោកកាន់ដាវ កាន់ដំបងមកចាប់ខ្ញុំដូច្នេះ?
49. ជារៀងរាល់ថ្ងៃ ខ្ញុំនៅក្នុងព្រះវិហារ*ជាមួយអស់លោកទាំងបង្រៀនផង តែអស់លោក ពុំបានចាប់ខ្ញុំទេ។ ការណ៍ទាំងនេះកើតឡើង ដើម្បីឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ»។
50. ពេលនោះ ពួកសិស្សបោះបង់ព្រះយេស៊ូចោល ហើយរត់បាត់អស់ទៅ។
51. មានកំលោះម្នាក់ដែលបានទៅតាមព្រះអង្គ មានតែសំពត់មួយផ្ទាំងបិទបាំងកាយប៉ុណ្ណោះ គេបានចាប់គាត់ដែរ
52. តែគាត់ចោលសំពត់រត់ទៅខ្លួនទទេ។
53. គេបណ្ដើរព្រះយេស៊ូនាំយកទៅដល់ដំណាក់របស់លោកមហាបូជាចារ្យ*។ ពួកនាយកបូជាចារ្យ ពួកព្រឹទ្ធាចារ្យ* និងពួកអាចារ្យ* មកជួបជុំទាំងអស់គ្នានៅទីនោះ។
54. លោកពេត្រុសដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ខាងក្នុងទីធ្លាដំណាក់មហាបូជាចារ្យ ហើយអង្គុយអាំងភ្លើងជាមួយកងរក្សាព្រះវិហារ*។
55. ពួកនាយកបូជាចារ្យ និងក្រុមប្រឹក្សាជាន់ខ្ពស់*ទាំងមូល នាំគ្នារកពាក្យចោទប្រកាន់ព្រះយេស៊ូ ដើម្បីកាត់ទោសប្រហារជីវិតព្រះអង្គ តែរកមិនបានសោះ។
56. មនុស្សជាច្រើនបានប្រឌិតរឿងក្លែងក្លាយចោទប្រកាន់ព្រះអង្គ ប៉ុន្តែ ពាក្យចោទទាំងនោះមិនស្របគ្នាឡើយ។
57. មានអ្នកខ្លះក្រោកឈរឡើង ពោលរឿងក្លែងក្លាយ ចោទប្រកាន់ព្រះអង្គថា៖
58. «យើងបានឮអ្នកនេះពោលថា “ខ្ញុំនឹងរុះព្រះវិហារដែលសង់ឡើងដោយដៃមនុស្សចោល ហើយក្នុងរវាងបីថ្ងៃ ខ្ញុំនឹងសង់ព្រះវិហារមួយផ្សេងទៀត ដែលមិនមែនសង់ដោយដៃមនុស្សទេ”»។
59. ប៉ុន្តែ ទោះបីក្នុងរឿងនេះក៏ដោយ ក៏ពាក្យរបស់គេនៅតែពុំស្របគ្នាដដែល។
60. ពេលនោះ លោកមហាបូជាចារ្យក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ សួរព្រះយេស៊ូថា៖ «ម្ដេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់លោកទាំងនេះ?»