37. ព្រះអង្គយាងទៅរកពួកសិស្ស ឃើញគេកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «ស៊ីម៉ូនអើយ ម្ដេចក៏អ្នកដេកលក់ដូច្នេះ? អ្នកនៅស៊ូទ្រាំប្រុងស្មារតី សូម្បីតែមួយម៉ោងក៏មិនបានដែរឬ?
38. ចូរប្រុងស្មារតី ហើយអធិស្ឋាន កុំឲ្យចាញ់ការល្បួង វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន ប៉ុន្តែ គេនៅទន់ខ្សោយ ព្រោះនិស្ស័យលោកីយ៍»។
39. ព្រះអង្គយាងចេញទៅឆ្ងាយពីគេសាជាថ្មី ហើយទូលអង្វរដោយប្រើពាក្យដដែល។
40. ព្រះអង្គវិលត្រឡប់មករកពួកសិស្សម្ដងទៀត ឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកមិនរួច មិនដឹងទូលព្រះអង្គដូចម្ដេច។
41. ព្រះយេស៊ូវិលមករកគេជាលើកទីបី មានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែដេកលក់ អ្នករាល់គ្នាសម្រាកដល់អង្កាល់ទៀត? ប៉ុណ្ណឹងល្មមហើយ! ឥឡូវនេះ ពេលកំណត់មកដល់ហើយ បុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប។
42. ចូរក្រោកឡើង យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំ មកជិតដល់ហើយ!»។
43. ព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាសជាសិស្សម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីររូបមកដល់ ដោយមានបណ្ដាជនមួយក្រុម កាន់ដាវ កាន់ដំបងមកជាមួយផង។ ពួកនាយកបូជាចារ្យ*ពួកអាចារ្យ* និងពួកព្រឹទ្ធាចារ្យ* បានចាត់អ្នកទាំងនោះឲ្យមក។
44. យូដាសដែលនាំគេមកចាប់ព្រះយេស៊ូ បានសន្មតជាមួយអ្នកទាំងនោះនូវសញ្ញាមួយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់នាំយកទៅ ដោយប្រយ័ត្នប្រយែងឲ្យមែនទែន»។
45. កាលមកដល់ភ្លាម យូដាសដើរតម្រង់មករកព្រះយេស៊ូ ពោលថា៖ «លោកគ្រូ!» រួចគាត់ថើបព្រះអង្គ
46. ពួកគេនាំគ្នាចាប់ព្រះយេស៊ូ។
47. មានម្នាក់ដែលនៅទីនោះ ហូតដាវកាប់អ្នកបម្រើរបស់មហាបូជាចារ្យដាច់ស្លឹកត្រចៀកម្ខាង។
48. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំជាចោរព្រៃឬ បានជាអស់លោកកាន់ដាវ កាន់ដំបងមកចាប់ខ្ញុំដូច្នេះ?