23. បន្ទាប់មក ព្រះអង្គយកពែងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឲ្យពួកសិស្ស* ពួកសិស្សក៏បរិភោគទាំងអស់គ្នា។
24. ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នេះជាលោហិតរបស់ខ្ញុំ គឺលោហិតនៃសម្ពន្ធមេត្រី ដែលត្រូវបង្ហូរសម្រាប់មនុស្សទាំងអស់។
25. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មី នៅក្នុងព្រះរាជ្យព្រះជាម្ចាស់»។
26. ក្រោយពីបានច្រៀងទំនុកតម្កើងរួចហើយ ព្រះយេស៊ូយាងឆ្ពោះទៅភ្នំដើមអូលីវជាមួយពួកសិស្ស។
27. ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស*ថា៖ «អ្នកទាំងអស់គ្នានឹងបោះបង់ខ្ញុំចោល ដ្បិតមានចែងទុកមកថា “យើងនឹងវាយសម្លាប់គង្វាល ហើយចៀមនឹងត្រូវខ្ចាត់ខ្ចាយ”។
28. ក៏ប៉ុន្តែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេ មុនអ្នករាល់គ្នា»។
29. លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីអ្នកឯទៀតៗបោះបង់ព្រះអង្គចោលក៏ដោយ ក៏ទូលបង្គំមិនបោះបង់ចោលព្រះអង្គជាដាច់ខាត»។
30. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។
31. ប៉ុន្តែ លោកពេត្រុសប្រកែករឹតតែខ្លាំងឡើងថា៖ «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថាមិនស្គាល់ព្រះអង្គជាដាច់ខាត»។ សិស្សឯទៀតៗក៏ទូលព្រះអង្គដូចលោកពេត្រុសដែរ។
32. ព្រះអង្គយាងទៅដល់កន្លែងមួយ ឈ្មោះកេតសេម៉ានី ជាមួយពួកសិស្ស*។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាអង្គុយនៅទីនេះហើយ ចាំខ្ញុំអធិស្ឋាន*សិន»។
33. ព្រះអង្គនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហាន ទៅជាមួយ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមភ័យតក់ស្លុត ព្រមទាំងចុកចាប់អន្ទះសាពន់ប្រមាណ។
34. ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្តយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតី»។
35. ព្រះអង្គយាងទៅមុខបន្តិច ក្រាបចុះដល់ដី ទូលអង្វរសូមឲ្យទុក្ខលំបាកនេះចេញឆ្ងាយពីព្រះអង្គទៅ បើសិនជាអាចកន្លងផុតទៅបាន។
36. ព្រះអង្គទូលថា៖ «អ័ប្បា ឱព្រះបិតាអើយ! ព្រះអង្គអាចសម្រេចគ្រប់កិច្ចការទាំងអស់បាន សូមដកយកពែងនៃទុក្ខលំបាកនេះចេញឲ្យឆ្ងាយពីទូលបង្គំទៅ ប៉ុន្តែ សូមកុំតាមបំណងចិត្តទូលបង្គំឡើយ គឺសូមឲ្យបានសម្រេចតាមព្រះហឫទ័យព្រះអង្គវិញ»។