10. យូដាសអ៊ីស្ការីយ៉ុត ជាសិស្ស*ម្នាក់ក្នុងក្រុមដប់ពីររូប បានទៅជួបពួកនាយកបូជាចារ្យ* ដើម្បីគិតគូរនាំគេទៅចាប់ព្រះយេស៊ូ។
11. កាលអ្នកទាំងនោះស្ដាប់ពាក្យយូដាសនិយាយ គេសប្បាយចិត្តណាស់ ហើយសន្យាថានឹងឲ្យប្រាក់គាត់។ យូដាសក៏រកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះអង្គ។
12. នៅថ្ងៃដំបូងនៃពិធីបុណ្យនំប៉័ងឥតមេ* ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា*សម្រាប់បុណ្យចម្លង* ពួកសិស្ស*ទូលសួរព្រះយេស៊ូថា៖ «តើព្រះគ្រូចង់ឲ្យយើងខ្ញុំរៀបចំពិធីជប់លៀងជូន ក្នុងឱកាសបុណ្យចម្លង* នៅកន្លែងណា?»។
13. ព្រះអង្គចាត់សិស្ស*ពីររូបឲ្យទៅ ដោយមានព្រះបន្ទូលថា៖ «ចូរអ្នកទៅទីក្រុង អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក។ ចូរដើរតាមគាត់ទៅ
14. គាត់ចូលផ្ទះណា អ្នកត្រូវនិយាយទៅម្ចាស់ផ្ទះនោះថា លោកគ្រូមានប្រសាសន៍ថា “បន្ទប់ដែលខ្ញុំនឹងត្រូវជប់លៀងជាមួយពួកសិស្ស ក្នុងពេលបុណ្យចម្លង*នៅឯណា?”។
15. ម្ចាស់ផ្ទះនឹងបង្ហាញបន្ទប់មួយយ៉ាងធំនៅជាន់ខាងលើ ដែលមានប្រដាប់ប្រដាសព្វគ្រប់រៀបចំជាស្រេច ចូររៀបចំម្ហូបអាហារសម្រាប់យើង នៅក្នុងបន្ទប់នោះចុះ»។
16. សិស្ស*ទាំងពីរក៏ចេញទៅ លុះដល់ទីក្រុង គេបានឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន គេក៏រៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង។
17. លុះដល់ល្ងាច ព្រះអង្គយាងមកដល់ជាមួយសិស្ស ទាំងដប់ពីររូប។
18. នៅពេលព្រះយេស៊ូរួមតុ សោយព្រះស្ងោយជាមួយពួកសិស្ស ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យបានដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នាដែលបរិភោគជាមួយខ្ញុំ មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។
19. ពួកសិស្សព្រួយចិត្តក្រៃលែង គេទូលសួរព្រះអង្គបន្ដបន្ទាប់គ្នាថា៖ «តើទូលបង្គំឬ?»។
20. ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ដែលកំពុងជ្រលក់នំប៉័ងក្នុងចានជាមួយខ្ញុំនេះហើយ។
21. បុត្រមនុស្ស*ត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់ហើយ។ ប៉ុន្តែ អ្នកដែលនាំគេមកចាប់បុត្រមនុស្សនឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេទើបប្រសើរជាង»។
22. នៅពេលកំពុងបរិភោគ ព្រះយេស៊ូយកនំប៉័ងមកកាន់ ព្រះអង្គសរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យគេ ទាំងមានព្រះបន្ទូលថា៖ «សុំពិសាចុះ នេះជារូបកាយរបស់ខ្ញុំ»។
23. បន្ទាប់មក ព្រះអង្គយកពែងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឲ្យពួកសិស្ស* ពួកសិស្សក៏បរិភោគទាំងអស់គ្នា។
24. ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នេះជាលោហិតរបស់ខ្ញុំ គឺលោហិតនៃសម្ពន្ធមេត្រី ដែលត្រូវបង្ហូរសម្រាប់មនុស្សទាំងអស់។