1. នៅពីរថ្ងៃមុនបុណ្យចម្លង* និងបុណ្យនំប៉័ងឥតមេ* ក្រុមនាយកបូជាចារ្យ* និងពួកអាចារ្យ* នាំគ្នារកមធ្យោបាយ ដើម្បីចាប់ព្រះយេស៊ូដោយកលល្បិចយកទៅធ្វើគុត។
2. ប៉ុន្តែ គេនិយាយគ្នាថា៖ «កុំចាប់ក្នុងពេលបុណ្យនេះឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជាជន»។
3. ព្រះយេស៊ូគង់នៅភូមិបេថានី ក្នុងផ្ទះបុរសម្នាក់ឈ្មោះស៊ីម៉ូនជាមនុស្សឃ្លង់។ ពេលព្រះអង្គកំពុងសោយព្រះស្ងោយ មានស្ត្រីម្នាក់ចូលមក ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះមានប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលប់។ នាងបំបែកដបថ្មកែវ ហើយចាក់ប្រេងក្រអូបលើព្រះសិរសារបស់ព្រះយេស៊ូ។
4. មានអ្នកខ្លះនៅទីនោះ ទាស់ចិត្តយ៉ាងខ្លាំង គេនិយាយគ្នាថា៖ «ម្ដេចក៏ខ្ជះខ្ជាយប្រេងក្រអូបដូច្នេះ!
5. បើយកប្រេងនេះទៅលក់ មុខជាបានប្រាក់ជាងបីរយដួង* ហើយចែកទានដល់ជនក្រីក្រវិញ»។ អ្នកទាំងនោះខឹងនឹងនាងណាស់។
6. ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកឲ្យនាងធ្វើតាមចិត្តនាងទៅ! ហេតុអ្វីបានជារករឿងនាង? នាងបានធ្វើអំពើដ៏ល្អចំពោះខ្ញុំ។
7. អ្នករាល់គ្នាមានអ្នកក្រីក្រនៅជាមួយរហូត អ្នករាល់គ្នាអាចធ្វើទានដល់គេ តាមតែចិត្តអ្នករាល់គ្នាចង់ រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។
8. ស្ត្រីនេះបានធ្វើតាមសមត្ថភាពរបស់នាង គឺនាងលាបប្រេងក្រអូបលើរូបកាយខ្ញុំ ទុកជាមុនសម្រាប់យកទៅបញ្ចុះក្នុងផ្នូរ។
9. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅគ្រប់ទីកន្លែងក្នុងពិភពលោកទាំងមូល កាលណាគេប្រកាសដំណឹងល្អ* គេក៏នឹងតំណាលអំពីកិច្ចការដែលនាងបានធ្វើនេះដែរ ដើម្បីរំឭកអំពីនាង»។
10. យូដាសអ៊ីស្ការីយ៉ុត ជាសិស្ស*ម្នាក់ក្នុងក្រុមដប់ពីររូប បានទៅជួបពួកនាយកបូជាចារ្យ* ដើម្បីគិតគូរនាំគេទៅចាប់ព្រះយេស៊ូ។
11. កាលអ្នកទាំងនោះស្ដាប់ពាក្យយូដាសនិយាយ គេសប្បាយចិត្តណាស់ ហើយសន្យាថានឹងឲ្យប្រាក់គាត់។ យូដាសក៏រកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះអង្គ។
12. នៅថ្ងៃដំបូងនៃពិធីបុណ្យនំប៉័ងឥតមេ* ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា*សម្រាប់បុណ្យចម្លង* ពួកសិស្ស*ទូលសួរព្រះយេស៊ូថា៖ «តើព្រះគ្រូចង់ឲ្យយើងខ្ញុំរៀបចំពិធីជប់លៀងជូន ក្នុងឱកាសបុណ្យចម្លង* នៅកន្លែងណា?»។