26. ពេលនោះ គេនឹងឃើញបុត្រមនុស្ស*យាងមកក្នុងពពក ប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា និងដោយសិរីរុងរឿង។
27. លោកនឹងចាត់ពួកទេវតា*របស់លោកឲ្យទៅទិសទាំងបួន ចាប់តាំងពីជើងមេឃម្ខាងទៅជើងមេឃម្ខាងទៀត ដើម្បីប្រមូលពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស»។
28. «ចូរអ្នករាល់គ្នាយកពាក្យប្រស្នាស្ដីអំពីដើមឧទុម្ពរ*ទៅរិះគិតចុះ។ កាលណាមែករបស់វាមានស្លឹកលាស់ខៀវខ្ចី អ្នករាល់គ្នាដឹងថា រដូវប្រាំងជិតមកដល់ហើយ។
29. ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្តិការណ៍ទាំងនោះកើតឡើង ត្រូវដឹងថាបុត្រមនុស្ស*ក៏ជិតមកដល់ហើយដែរ គឺលោកមកជិតបង្កើយហើយ។
30. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង នៅពេលដែលមនុស្សជំនាន់នេះមានជីវិតនៅឡើយ។
31. ផ្ទៃមេឃ និងផែនដី នឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ។
32. រីឯថ្ងៃកំណត់ និងពេលវេលា គ្មាននរណាដឹងឡើយ ទោះបីទេវតា*នៅស្ថានបរមសុខ* ឬព្រះបុត្រាក៏ពុំជ្រាបដែរ មានតែព្រះបិតាប៉ុណ្ណោះដែលជ្រាប។
33. អ្នករាល់គ្នាមិនដឹងថា ពេលណាជាពេលកំណត់ទេ ដូច្នេះ ចូរប្រុងប្រយ័ត្ន ប្រុងស្មារតីឲ្យមែនទែន
34. ដ្បិតពេលកំណត់នោះប្រៀបបាននឹងបុរសម្នាក់ ដែលចេញដំណើរពីផ្ទះទៅ គាត់ទុកឲ្យពួកអ្នកបម្រើមើលខុសត្រូវក្នុងផ្ទះ ដោយចែកមុខងារឲ្យរៀងៗខ្លួន ព្រមទាំងបង្គាប់ឲ្យអ្នកយាមផ្ទះប្រុងស្មារតីផង។
35. អ្នករាល់គ្នាក៏ត្រូវប្រុងស្មារតីដូច្នោះដែរ ដ្បិតអ្នករាល់គ្នាពុំដឹងថា ម្ចាស់ផ្ទះនឹងវិលមកវិញនៅពេលណាឡើយ មិនដឹងជាយប់ ពាក់កណ្ដាលអធ្រាត្រ ពេលមាន់រងាវ ឬពេលព្រលឹមទេ
36. ក្រែងលោកត្រឡប់មកវិញ ដោយមិនបានឲ្យដំណឹងមុន ហើយឃើញអ្នករាល់គ្នាកំពុងតែដេកលក់។
37. ពាក្យដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នានេះ ខ្ញុំក៏ចង់និយាយប្រាប់អ្នកឯទៀតៗគ្រប់គ្នាដែរ គឺថា ចូរប្រុងស្មារតី!»។