14. «ពេលណាអ្នករាល់គ្នាឃើញជនចង្រៃដ៏គួរឲ្យស្អប់ខ្ពើមឈរនៅកន្លែងដែលមិនត្រូវឈរ - សូមឲ្យអ្នកអានយល់ពាក្យនេះចុះ - ពេលនោះ អស់អ្នកដែលរស់ក្នុងស្រុកយូដា ត្រូវនាំគ្នារត់ទៅជ្រកនៅតាមភ្នំ។
15. រីឯអ្នកនៅលើដំបូលផ្ទះ មិនត្រូវចុះមកយករបស់អ្វីដែលនៅក្នុងផ្ទះឡើយ
16. ហើយអ្នកដែលនៅឯចម្ការ ក៏មិនត្រូវវិលទៅផ្ទះយកអាវធំរបស់ខ្លួនដែរ។
17. គ្រានោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូន មុខជាវេទនាពុំខាន។
18. ចូរទូលអង្វរព្រះជាម្ចាស់ សូមកុំឲ្យហេតុការណ៍ទាំងនេះកើតឡើងនៅរដូវត្រជាក់ឡើយ
19. ដ្បិតពេលនោះ ជាពេលមានទុក្ខវេទនាយ៉ាងខ្លាំង តាំងពីដើមកំណើតពិភពលោកមក គឺចាប់ពីពេលដែលព្រះជាម្ចាស់បង្កើតអ្វីៗទាំងអស់ មកទល់សព្វថ្ងៃ ហើយទោះជាទៅថ្ងៃមុខទៀត ក៏ពុំដែលមាន ទុក្ខលំបាកខ្លាំងយ៉ាងនេះដែរ។
20. ប្រសិនបើព្រះអម្ចាស់មិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណាបានរួចជីវិតឡើយ ប៉ុន្តែ ព្រះអង្គបន្ថយចំនួនថ្ងៃទាំងនោះ ដោយយោគយល់ដល់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស។
21. ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា “ព្រះគ្រិស្ដ*គង់នៅទីនេះ ឬនៅទីនោះ” កុំជឿគេឡើយ
22. ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាព្រះគ្រិស្ដ ព្រមទាំងមានព្យាការីក្លែងក្លាយ នាំគ្នាសម្តែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ ដើម្បីបញ្ឆោតមនុស្សរហូតដល់ទៅនាំពួកអ្នកដែលព្រះអង្គជ្រើសរើសឲ្យវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។