1. ពេលព្រះយេស៊ូយាងចេញពីព្រះវិហារ*ទៅ មានសិស្ស*ម្នាក់ទូលព្រះអង្គថា៖ «ព្រះគ្រូ សូមមើលថ្មនុ៎ះស្អាតណាស់! វិមានទាំងនេះល្អវិសេសវិសាលបំផុត»។
2. ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សនោះវិញថា៖ «ថ្ងៃក្រោយ វិមានដ៏ស្កឹមស្កៃដែលអ្នកឃើញនេះ នឹងត្រូវរលំបាក់បែកអស់ លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។
3. ព្រះអង្គគង់នៅលើភ្នំដើមអូលីវទល់មុខព្រះវិហារ*។ លោកពេត្រុស លោកយ៉ាកុប លោកយ៉ូហាន និងលោកអនទ្រេ ទូលសួរព្រះអង្គដាច់ឡែកពីគេថា៖
4. «សូមព្រះគ្រូប្រាប់ឲ្យយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសម្គាល់ឲ្យយើងខ្ញុំដឹងថា ព្រឹត្តិការណ៍ទាំងនេះនឹងដល់ទីបញ្ចប់?»។
5. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងបានឡើយ
6. ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកប្រើ ដោយពោលថា៖ “ខ្ញុំនេះហើយជាព្រះគ្រិស្ដ*!”។ គេនឹងនាំមនុស្សជាច្រើនឲ្យវង្វេង។
7. កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម និងឮដំណឹងថាមានសង្គ្រាមផ្ទុះឡើង មិនត្រូវជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង ប៉ុន្តែ មិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។
8. ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត។ នៅកន្លែងខ្លះនឹងមានរញ្ជួយផែនដី ព្រមទាំងមានកើតទុរ្ភិក្សផង។ ហេតុការណ៍ទាំងនេះប្រៀបបាននឹងការឈឺចាប់ដើមដំបូងរបស់ស្ត្រី ដែលហៀបនឹងសម្រាលកូន។
9. ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅកន្លែងកាត់ទោស គេនឹងយករំពាត់វាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ* គេនឹងនាំអ្នករាល់គ្នាទៅឲ្យទេសាភិបាល និងឲ្យស្ដេចកាត់ទោស ព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្តែ ជាឱកាសសម្រាប់អ្នករាល់គ្នាផ្ដល់សក្ខីភាពឲ្យគេដឹងឮ។
10. ត្រូវប្រកាសដំណឹងល្អ*ឲ្យមនុស្សគ្រប់ជាតិគ្រប់សាសន៍បានឮជាមុនសិន។
11. ពេលគេចាប់អ្នករាល់គ្នាបញ្ជូនទៅកាត់ទោស កុំភ័យបារម្ភជាមុននឹងរកពាក្យដែលអ្នករាល់គ្នាត្រូវនិយាយនោះឡើយ ត្រូវនិយាយតាមតែព្រះជាម្ចាស់ប្រទានឲ្យអ្នករាល់គ្នានិយាយ នៅពេលនោះ ដ្បិតមិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទេតើ ដែលនឹងមានព្រះបន្ទូល។
12. បងប្អូននឹងចាប់បញ្ជូនគ្នាទៅឲ្យគេសម្លាប់ ឪពុកនឹងចាប់បញ្ជូនកូនទៅឲ្យគេសម្លាប់ ហើយកូនៗលើកគ្នាប្រឆាំងនឹងឪពុកម្ដាយ ព្រមទាំងបញ្ជូនទៅឲ្យគេសម្លាប់ទៀតផង។
13. មនុស្សគ្រប់រូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែឈ្មោះខ្ញុំ។ ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ»។
14. «ពេលណាអ្នករាល់គ្នាឃើញជនចង្រៃដ៏គួរឲ្យស្អប់ខ្ពើមឈរនៅកន្លែងដែលមិនត្រូវឈរ - សូមឲ្យអ្នកអានយល់ពាក្យនេះចុះ - ពេលនោះ អស់អ្នកដែលរស់ក្នុងស្រុកយូដា ត្រូវនាំគ្នារត់ទៅជ្រកនៅតាមភ្នំ។
15. រីឯអ្នកនៅលើដំបូលផ្ទះ មិនត្រូវចុះមកយករបស់អ្វីដែលនៅក្នុងផ្ទះឡើយ
16. ហើយអ្នកដែលនៅឯចម្ការ ក៏មិនត្រូវវិលទៅផ្ទះយកអាវធំរបស់ខ្លួនដែរ។
17. គ្រានោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូន មុខជាវេទនាពុំខាន។
18. ចូរទូលអង្វរព្រះជាម្ចាស់ សូមកុំឲ្យហេតុការណ៍ទាំងនេះកើតឡើងនៅរដូវត្រជាក់ឡើយ
19. ដ្បិតពេលនោះ ជាពេលមានទុក្ខវេទនាយ៉ាងខ្លាំង តាំងពីដើមកំណើតពិភពលោកមក គឺចាប់ពីពេលដែលព្រះជាម្ចាស់បង្កើតអ្វីៗទាំងអស់ មកទល់សព្វថ្ងៃ ហើយទោះជាទៅថ្ងៃមុខទៀត ក៏ពុំដែលមាន ទុក្ខលំបាកខ្លាំងយ៉ាងនេះដែរ។
20. ប្រសិនបើព្រះអម្ចាស់មិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណាបានរួចជីវិតឡើយ ប៉ុន្តែ ព្រះអង្គបន្ថយចំនួនថ្ងៃទាំងនោះ ដោយយោគយល់ដល់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស។