4. ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមក ប៉ុន្តែ ពួកអ្នកថែចម្ការនាំគ្នាវាយក្បាលអ្នកបម្រើនោះ ហើយជេរស្ដីទៀតផង។
5. ម្ចាស់ចម្ការចាត់អ្នកបម្រើម្នាក់ផ្សេងទៀតឲ្យមក។ អ្នកថែចម្ការបានសម្លាប់អ្នកបម្រើនោះ។ បន្ទាប់មក អ្នកបម្រើផ្សេងទៀតជាច្រើនរូបក៏រងគ្រោះដូច្នោះដែរ ខ្លះត្រូវគេវាយដំ ខ្លះត្រូវគេសម្លាប់។
6. ម្ចាស់ចម្ការមានបុត្រដ៏ជាទីស្រឡាញ់តែមួយគត់ គាត់ចាត់បុត្រនោះឲ្យមកក្រោយគេបង្អស់ ដោយយល់ថា
7. “គេមុខជាគោរពកោតខ្លាចកូនប្រុសខ្ញុំមិនខាន”។ ប៉ុន្តែ ពួកកសិករថែចម្ការទាំងនោះពិគ្រោះគ្នាថា “អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចម្ការទៅថ្ងៃក្រោយ យើងនាំគ្នាសម្លាប់វាទៅ ចម្ការនេះនឹងធ្លាក់មកជាសម្បត្តិរបស់យើង”។
8. គេក៏ចាប់កូនប្រុសម្ចាស់ចម្ការយកមកសម្លាប់ រួចបោះទៅក្រៅចម្ការទំពាំងបាយជូរ។
9. តើម្ចាស់ចម្ការធ្វើយ៉ាងដូចម្ដេច? គាត់មុខជាមកសម្លាប់អ្នកថែរក្សាចម្ការទាំងនោះមិនខាន រួចប្រគល់ចម្ការទំពាំងបាយជូរទៅឲ្យអ្នកផ្សេងទៀត។
10. អ្នករាល់គ្នាពិតជាធ្លាប់អានអត្ថបទគម្ពីរ ដែលមានចែងថា: “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាគ្រឹះដ៏សំខាន់បំផុត។
11. ព្រះអម្ចាស់បានសម្រេចការអស្ចារ្យនេះ យើងបានឃើញ ហើយស្ងើចសរសើរផង”»។
12. ពួកមេដឹកនាំសាសន៍យូដាយល់ថា ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះ សំដៅលើពួកគេ គេក៏នាំគ្នារកមធ្យោបាយចាប់ព្រះអង្គ ប៉ុន្តែ គេខ្លាចបណ្ដាជន ដូច្នេះ គេក៏ចាកចេញពីព្រះយេស៊ូទៅ។
13. គេចាត់ពួកខាងគណៈផារីស៊ី* និងពួកខាងស្ដេចហេរ៉ូដខ្លះឲ្យទៅជិតព្រះយេស៊ូ ចាំចាប់កំហុស នៅពេលព្រះអង្គមានព្រះបន្ទូល។
14. គេនាំគ្នាមកទូលព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា លោកមានប្រសាសន៍សុទ្ធតែពិតទាំងអស់ លោកគ្រូពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ គឺលោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមសេចក្ដីពិត។ តើច្បាប់*របស់យើងអនុញ្ញាតឲ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ? តើយើងត្រូវបង់ ឬមិនត្រូវបង់?»។