19. «លោកគ្រូ! លោកម៉ូសេ*បានចែងច្បាប់ទុកឲ្យយើងថា “បើបុរសណាមានប្រពន្ធ ហើយស្លាប់ចោលប្រពន្ធទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឲ្យបងប្រុសរបស់ខ្លួន”។
20. ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់។ បុរសបងបង្អស់បានរៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ។
21. ប្អូនបន្ទាប់រៀបការនឹងបងថ្លៃមេម៉ាយ រួចស្លាប់ទៅ ទាំងឥតមានកូន រីឯប្អូនទីបីក៏ដូច្នោះដែរ។
22. បងប្អូនទាំងប្រាំពីរនាក់សុទ្ធតែគ្មានកូនដូចគ្នា។ នៅទីបំផុត នាងក៏ស្លាប់ទៅដែរ។
23. លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងត្រូវបានទៅជាប្រពន្ធរបស់អ្នកណា បើប្រាំពីរនាក់សុទ្ធតែយកនាងធ្វើជាប្រពន្ធដូច្នេះ?»។
24. ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ដ្បិតអ្នករាល់គ្នាមិនស្គាល់គម្ពីរ ហើយមិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ផង។
25. ពេលមនុស្សស្លាប់ មានជីវិតរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវតា*នៅស្ថានបរមសុខ*។
26. លោកម៉ូសេ*បានចែងអំពីមនុស្សស្លាប់នឹងរស់ឡើងវិញ នៅក្នុងអត្ថបទស្ដីអំពីគុម្ពបន្លា តើអ្នករាល់គ្នាធ្លាប់អានឬទេ? ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកថា “យើងជាព្រះរបស់អប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប”។
27. ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ អ្នករាល់គ្នាយល់ខុសទាំងស្រុងហើយ!»។
28. មានអាចារ្យ*ម្នាក់បានឮពួកគេជជែកជាមួយព្រះយេស៊ូ ហើយឃើញថាព្រះអង្គមានព្រះបន្ទូលឆ្លើយត្រឹមត្រូវ គាត់ក៏ចូលទៅជិតទូលព្រះអង្គថា៖ «ក្នុងបណ្ដាបទបញ្ជា*ទាំងអស់ តើបទបញ្ជាណាសំខាន់ជាងគេ?»។
29. ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «នេះជាបទបញ្ជាទីមួយ: “អ៊ីស្រាអែលអើយ ចូរស្ដាប់! មានតែព្រះអម្ចាស់ជាព្រះរបស់យើងមួយព្រះអង្គគត់ ដែលពិតជាព្រះអម្ចាស់។
30. ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ”។
31. រីឯបទបញ្ជាទីពីរមានចែងថា “ត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯង”។ គ្មានបទបញ្ជាណាសំខាន់ជាងបទបញ្ជាទាំងពីរនេះទេ»។
32. អាចារ្យនោះទូលព្រះអង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ ហើយពិតផង។ មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ ក្រៅពីព្រះអង្គ គ្មានព្រះឯណាទៀតឡើយ។
33. បើយើងស្រឡាញ់ព្រះអង្គអស់ពីចិត្តគំនិត អស់ពីបញ្ញា និងអស់ពីកម្លាំងកាយ ហើយបើយើងស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងថ្វាយតង្វាយដុត និងថ្វាយយញ្ញបូជាទៅទៀត»។
34. កាលព្រះយេស៊ូឮគាត់ឆ្លើយដោយប្រាជ្ញាវាងវៃដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកនៅមិនឆ្ងាយពីព្រះរាជ្យរបស់ព្រះជាម្ចាស់ទេ»។ បន្ទាប់មក គ្មាននរណាហ៊ានដេញដោលសួរព្រះអង្គទៀតឡើយ។
35. ព្រះយេស៊ូបង្រៀនមនុស្សម្នានៅក្នុងព្រះវិហារ*ដោយមានព្រះបន្ទូលថា៖ «ហេតុដូចម្ដេចបានជាពួកអាចារ្យនិយាយថា ព្រះគ្រិស្ដជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូច្នេះ?