ម៉ាកុស 12:17-23 Khmer Standard Version (KHSV)

17. ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិ‌រាជ ចូរ​ថ្វាយ​ទៅ​ព្រះចៅ​អធិ‌រាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះ‌ជាម្ចាស់ ចូរ​ថ្វាយ​ទៅ​ព្រះ‌ជាម្ចាស់​វិញ​ដែរ»។ គេ​ងឿង‌ឆ្ងល់​នឹង​ព្រះ‌យេស៊ូ​យ៉ាង​ខ្លាំង។

18. មាន​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី*​ចូល​មក​គាល់​ព្រះ‌អង្គ។ ពួក​សាឌូ‌ស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖

19. «លោក​គ្រូ! លោក​ម៉ូសេ*​បាន​ចែង​ច្បាប់​ទុក​ឲ្យ​យើង​ថា “បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ចោល​ប្រពន្ធ​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀប‌ការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន”។

20. ឧបមា​ថា មាន​បង‌ប្អូន​ប្រុសៗ​ប្រាំ‌ពីរ​នាក់។ បុរស​បង​បង្អស់​បាន​រៀប‌ការ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ។

21. ប្អូន​បន្ទាប់​រៀប‌ការ​នឹង​បង​ថ្លៃ​មេ‌ម៉ាយ រួច​ស្លាប់​ទៅ ទាំង​ឥត​មាន​កូន រីឯ​ប្អូន​ទី​បី​ក៏​ដូច្នោះ​ដែរ។

22. បង‌ប្អូន​ទាំង​ប្រាំ‌ពីរ​នាក់​សុទ្ធ​តែ​គ្មាន​កូន​ដូច​គ្នា។ នៅ​ទី​បំផុត នាង​ក៏​ស្លាប់​ទៅ​ដែរ។

23. លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​ត្រូវ​បាន​ទៅ​ជា​ប្រពន្ធ​របស់​អ្នក​ណា បើ​ប្រាំ‌ពីរ​នាក់​សុទ្ធ​តែ​យក​នាង​ធ្វើ​ជា​ប្រពន្ធ​ដូច្នេះ?»។

ម៉ាកុស 12