16. គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះ មានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និងឈ្មោះព្រះចៅអធិរាជ!»។
17. ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។ គេងឿងឆ្ងល់នឹងព្រះយេស៊ូយ៉ាងខ្លាំង។
18. មានពួកខាងគណៈសាឌូស៊ី*ចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖
19. «លោកគ្រូ! លោកម៉ូសេ*បានចែងច្បាប់ទុកឲ្យយើងថា “បើបុរសណាមានប្រពន្ធ ហើយស្លាប់ចោលប្រពន្ធទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឲ្យបងប្រុសរបស់ខ្លួន”។
20. ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់។ បុរសបងបង្អស់បានរៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ។
21. ប្អូនបន្ទាប់រៀបការនឹងបងថ្លៃមេម៉ាយ រួចស្លាប់ទៅ ទាំងឥតមានកូន រីឯប្អូនទីបីក៏ដូច្នោះដែរ។
22. បងប្អូនទាំងប្រាំពីរនាក់សុទ្ធតែគ្មានកូនដូចគ្នា។ នៅទីបំផុត នាងក៏ស្លាប់ទៅដែរ។
23. លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងត្រូវបានទៅជាប្រពន្ធរបស់អ្នកណា បើប្រាំពីរនាក់សុទ្ធតែយកនាងធ្វើជាប្រពន្ធដូច្នេះ?»។
24. ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ដ្បិតអ្នករាល់គ្នាមិនស្គាល់គម្ពីរ ហើយមិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ផង។
25. ពេលមនុស្សស្លាប់ មានជីវិតរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវតា*នៅស្ថានបរមសុខ*។
26. លោកម៉ូសេ*បានចែងអំពីមនុស្សស្លាប់នឹងរស់ឡើងវិញ នៅក្នុងអត្ថបទស្ដីអំពីគុម្ពបន្លា តើអ្នករាល់គ្នាធ្លាប់អានឬទេ? ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកថា “យើងជាព្រះរបស់អប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប”។
27. ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ អ្នករាល់គ្នាយល់ខុសទាំងស្រុងហើយ!»។
28. មានអាចារ្យ*ម្នាក់បានឮពួកគេជជែកជាមួយព្រះយេស៊ូ ហើយឃើញថាព្រះអង្គមានព្រះបន្ទូលឆ្លើយត្រឹមត្រូវ គាត់ក៏ចូលទៅជិតទូលព្រះអង្គថា៖ «ក្នុងបណ្ដាបទបញ្ជា*ទាំងអស់ តើបទបញ្ជាណាសំខាន់ជាងគេ?»។
29. ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «នេះជាបទបញ្ជាទីមួយ: “អ៊ីស្រាអែលអើយ ចូរស្ដាប់! មានតែព្រះអម្ចាស់ជាព្រះរបស់យើងមួយព្រះអង្គគត់ ដែលពិតជាព្រះអម្ចាស់។