39. គេទូលព្រះអង្គថា៖ «យើងខ្ញុំអាចទទួលបាន»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកនឹងទទួលពែងដែលខ្ញុំត្រូវទទួល និងទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានមែន
40. ចំណែកឯអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំ ខ្ញុំមិនអាចសម្រេចឡើយ ព្រោះកន្លែងនោះបម្រុងទុក សម្រាប់តែអ្នកដែលព្រះជាម្ចាស់បានសម្រេចឲ្យប៉ុណ្ណោះ»។
41. កាលសិស្សដប់រូបទៀតបានឮដូច្នោះ គេទាស់ចិត្តនឹងលោកយ៉ាកុប និងលោកយ៉ូហានជាខ្លាំង។
42. ព្រះយេស៊ូត្រាស់ហៅសិស្សទាំងអស់មក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ អ្នកដែលគេចាត់ទុកជាមេគ្រប់គ្រងស្រុក តែងជិះជាន់ប្រជារាស្ត្ររបស់ខ្លួន រីឯអ្នកធំតែងតែប្រើអំណាចខ្លួនលើប្រជារាស្ត្រ។
43. ក្នុងចំណោមអ្នករាល់គ្នាមិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ បើមានម្នាក់ចង់ធ្វើធំជាងគេ ក្នុងចំណោមអ្នករាល់គ្នា ត្រូវឲ្យអ្នកនោះបម្រើអ្នករាល់គ្នា។
44. ក្នុងចំណោមអ្នករាល់គ្នា បើមានម្នាក់ចង់ធ្វើមេគេ ត្រូវធ្វើជាខ្ញុំបម្រើគេគ្រប់គ្នាសិន
45. ដ្បិតបុត្រមនុស្ស*មកក្នុងពិភពលោកនេះ មិនមែនដើម្បីឲ្យគេបម្រើលោកឡើយ គឺលោកមកបម្រើគេវិញ ព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។
46. ព្រះយេស៊ូ និងពួកសិស្សធ្វើដំណើរមកដល់ក្រុងយេរីខូ។ កាលព្រះអង្គយាងចេញពីទីក្រុងជាមួយពួកសិស្ស និងបណ្ដាជនដ៏ច្រើនកុះករ មានមនុស្សខ្វាក់ម្នាក់ឈ្មោះបារទីមេ ជាកូនរបស់លោកទីមេ អង្គុយសុំទាននៅក្បែរផ្លូវ។
47. កាលគាត់ឮថាព្រះយេស៊ូជាអ្នកភូមិណាសារ៉ែត យាងតាមនោះ គាត់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង»។
48. មនុស្សជាច្រើនបានគំរាមគាត់ឲ្យនៅស្ងៀម ប៉ុន្តែ គាត់ស្រែករឹតតែខ្លាំងឡើងៗថា៖ «ឱព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង»។
49. ព្រះយេស៊ូក៏ឈប់ ហើយមានព្រះបន្ទូលថា៖ «សុំហៅគាត់មក»។ គេហៅមនុស្សខ្វាក់មក ដោយពោលថា៖ «កុំអស់សង្ឃឹមក្រោកឡើង លោកហៅអ្នក»។
50. គាត់ក៏បោះអាវធំចោល ស្ទុះក្រោកឡើង តម្រង់ទៅរកព្រះយេស៊ូ។
51. ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ អ្នកខ្វាក់ទូលព្រះអង្គថា៖ «ព្រះគ្រូ! សូមប្រោសភ្នែកទូលបង្គំឲ្យបានភ្លឺផង»។
52. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ!»។ រំពេចនោះ គាត់មើលឃើញភ្លាម ហើយដើរតាមផ្លូវជាមួយព្រះយេស៊ូទៅ។