34. ពួកនោះនឹងចំអកឲ្យលោក ព្រមទាំងស្ដោះទឹកមាត់ដាក់លោកផង។ គេនឹងវាយធ្វើបាបលោក រួចប្រហារជីវិតលោក។ ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។
35. បន្ទាប់មក លោកយ៉ាកុប និងលោកយ៉ូហាន ជាកូនលោកសេបេដេ ចូលមកគាល់ព្រះយេស៊ូទូលថា៖ «ព្រះគ្រូ! សូមមេត្តាយល់ព្រមតាមពាក្យសុំរបស់យើងខ្ញុំផង»។
36. ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «តើអ្នកទាំងពីរចង់ឲ្យខ្ញុំធ្វើអ្វី?»។
37. គេទូលព្រះអង្គថា៖ «ពេលព្រះគ្រូគ្រងរាជ្យប្រកបដោយសិរីរុងរឿងសូមប្រទានឲ្យយើងខ្ញុំបានអង្គុយអមព្រះគ្រូផង គឺម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង»។
38. ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកទាំងពីរមិនដឹងថាខ្លួនសុំអ្វីឡើយ តើអ្នកអាចទទួលពែងដែលខ្ញុំត្រូវទទួលនោះបានឬទេ? អ្នកអាចទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានឬទេ?»។
39. គេទូលព្រះអង្គថា៖ «យើងខ្ញុំអាចទទួលបាន»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកនឹងទទួលពែងដែលខ្ញុំត្រូវទទួល និងទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានមែន
40. ចំណែកឯអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំ ខ្ញុំមិនអាចសម្រេចឡើយ ព្រោះកន្លែងនោះបម្រុងទុក សម្រាប់តែអ្នកដែលព្រះជាម្ចាស់បានសម្រេចឲ្យប៉ុណ្ណោះ»។
41. កាលសិស្សដប់រូបទៀតបានឮដូច្នោះ គេទាស់ចិត្តនឹងលោកយ៉ាកុប និងលោកយ៉ូហានជាខ្លាំង។
42. ព្រះយេស៊ូត្រាស់ហៅសិស្សទាំងអស់មក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ អ្នកដែលគេចាត់ទុកជាមេគ្រប់គ្រងស្រុក តែងជិះជាន់ប្រជារាស្ត្ររបស់ខ្លួន រីឯអ្នកធំតែងតែប្រើអំណាចខ្លួនលើប្រជារាស្ត្រ។
43. ក្នុងចំណោមអ្នករាល់គ្នាមិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ បើមានម្នាក់ចង់ធ្វើធំជាងគេ ក្នុងចំណោមអ្នករាល់គ្នា ត្រូវឲ្យអ្នកនោះបម្រើអ្នករាល់គ្នា។
44. ក្នុងចំណោមអ្នករាល់គ្នា បើមានម្នាក់ចង់ធ្វើមេគេ ត្រូវធ្វើជាខ្ញុំបម្រើគេគ្រប់គ្នាសិន
45. ដ្បិតបុត្រមនុស្ស*មកក្នុងពិភពលោកនេះ មិនមែនដើម្បីឲ្យគេបម្រើលោកឡើយ គឺលោកមកបម្រើគេវិញ ព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។