30. អ្នកនោះនឹងទទួលក្នុងពេលឥឡូវនេះមួយជាមួយរយ គឺផ្ទះសម្បែង បងប្អូនប្រុសស្រី ម្ដាយកូន និងស្រែចម្ការ ព្រមទាំងទទួលការបៀតបៀន ហើយក៏នឹងមានជីវិតអស់កល្បជានិច្ច នៅលោកខាងមុខថែមទៀតផង។
31. មនុស្សជាច្រើនដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខវិញ»។
32. ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹមជាមួយពួកសិស្ស*។ ព្រះអង្គយាងនាំមុខគេ ពួកសិស្សភ័យខ្លាចជាខ្លាំង រីឯអស់អ្នកដែលដើរតាមក្រោយក៏ភិតភ័យដែរ។ ព្រះយេស៊ូនាំសិស្សទាំងដប់ពីររូបមកជាមួយព្រះអង្គសាជាថ្មី រួចមានព្រះបន្ទូលអំពីហេតុការណ៍ ដែលនឹងកើតមានដល់ព្រះអង្គ៖
33. «ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម បុត្រមនុស្ស*នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់ពួកនាយកបូជាចារ្យ និងពួកអាចារ្យ។ គេនឹងកាត់ទោសប្រហារជីវិតលោក ហើយបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ។
34. ពួកនោះនឹងចំអកឲ្យលោក ព្រមទាំងស្ដោះទឹកមាត់ដាក់លោកផង។ គេនឹងវាយធ្វើបាបលោក រួចប្រហារជីវិតលោក។ ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។
35. បន្ទាប់មក លោកយ៉ាកុប និងលោកយ៉ូហាន ជាកូនលោកសេបេដេ ចូលមកគាល់ព្រះយេស៊ូទូលថា៖ «ព្រះគ្រូ! សូមមេត្តាយល់ព្រមតាមពាក្យសុំរបស់យើងខ្ញុំផង»។
36. ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «តើអ្នកទាំងពីរចង់ឲ្យខ្ញុំធ្វើអ្វី?»។
37. គេទូលព្រះអង្គថា៖ «ពេលព្រះគ្រូគ្រងរាជ្យប្រកបដោយសិរីរុងរឿងសូមប្រទានឲ្យយើងខ្ញុំបានអង្គុយអមព្រះគ្រូផង គឺម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង»។