19. អ្នកស្គាល់បទបញ្ជាស្រាប់ហើយថា “កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឲ្យគេមានទោស កុំកេងប្រវ័ញ្ចយកសម្បត្តិនរណាឲ្យសោះ ចូរគោរពមាតាបិតា”»។
20. បុរសនោះទូលព្រះអង្គថា៖ «លោកគ្រូអើយ! ខ្ញុំបានប្រតិបត្តិតាមបទបញ្ជា*ទាំងនេះ តាំងពីក្មេងមក»។
21. ព្រះយេស៊ូទតមើលទៅគាត់ ហើយមានព្រះហឫទ័យស្រឡាញ់គាត់ ទ្រង់មានព្រះបន្ទូលថា៖ «នៅខ្វះកិច្ចការមួយទៀតដែលអ្នកមិនទាន់ធ្វើ គឺត្រូវអញ្ជើញទៅលក់អ្វីៗដែលអ្នកមាន រួចចែកឲ្យជនក្រីក្រទៅ ធ្វើដូច្នេះ ទើបអ្នកមានសម្បត្តិសួគ៌ បន្ទាប់មក សឹមអញ្ជើញមកតាមខ្ញុំ»។
22. កាលបុរសនោះឮដូច្នេះ គាត់មានទឹកមុខស្រពោន ហើយវិលត្រឡប់ទៅវិញទាំងព្រួយចិត្ត ដ្បិតគាត់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភណាស់។
23. ព្រះយេស៊ូទតមើលជុំវិញ រួចមានព្រះបន្ទូលទៅពួកសិស្សថា៖ «អ្នកមានមិនងាយចូលទៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់បានទេ»។
24. ពួកសិស្សងឿងឆ្ងល់នឹងព្រះបន្ទូលរបស់ព្រះអង្គជាខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កូនចៅអើយ ព្រះរាជ្យព្រះជាម្ចាស់ពិបាកចូលណាស់!
25. សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលក្នុងព្រះរាជ្យ*ព្រះជាម្ចាស់ទៅទៀត»។
26. ពួកសិស្សរឹតតែឆ្ងល់ថែមទៀត ហើយនិយាយគ្នាថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។
27. ព្រះយេស៊ូទតមើលគេ រួចមានព្រះបន្ទូលថា៖ «ការនេះមនុស្សធ្វើពុំកើតទេ តែព្រះជាម្ចាស់ធ្វើកើត ដ្បិតព្រះអង្គធ្វើគ្រប់ការទាំងអស់បាន»។
28. លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយថា យើងខ្ញុំបានលះបង់ចោលអ្វីៗទាំងអស់ ហើយយើងខ្ញុំបានមកតាមព្រះអង្គ»។
29. ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាលះបង់ផ្ទះសម្បែង បងប្អូនប្រុសស្រី ឪពុកម្ដាយកូន ឬស្រែចម្ការ ព្រោះតែខ្ញុំ និងព្រោះតែដំណឹងល្អ*
30. អ្នកនោះនឹងទទួលក្នុងពេលឥឡូវនេះមួយជាមួយរយ គឺផ្ទះសម្បែង បងប្អូនប្រុសស្រី ម្ដាយកូន និងស្រែចម្ការ ព្រមទាំងទទួលការបៀតបៀន ហើយក៏នឹងមានជីវិតអស់កល្បជានិច្ច នៅលោកខាងមុខថែមទៀតផង។
31. មនុស្សជាច្រើនដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខវិញ»។
32. ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹមជាមួយពួកសិស្ស*។ ព្រះអង្គយាងនាំមុខគេ ពួកសិស្សភ័យខ្លាចជាខ្លាំង រីឯអស់អ្នកដែលដើរតាមក្រោយក៏ភិតភ័យដែរ។ ព្រះយេស៊ូនាំសិស្សទាំងដប់ពីររូបមកជាមួយព្រះអង្គសាជាថ្មី រួចមានព្រះបន្ទូលអំពីហេតុការណ៍ ដែលនឹងកើតមានដល់ព្រះអង្គ៖