17. កាលព្រះយេស៊ូកំពុងចេញដំណើរទៅ មានបុរសម្នាក់រត់មកដល់ លុតជង្គង់ចុះនៅមុខព្រះអង្គ ទូលថា៖ «លោកគ្រូដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វី ដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»។
18. ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាអ្នកថា ខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។
19. អ្នកស្គាល់បទបញ្ជាស្រាប់ហើយថា “កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឲ្យគេមានទោស កុំកេងប្រវ័ញ្ចយកសម្បត្តិនរណាឲ្យសោះ ចូរគោរពមាតាបិតា”»។
20. បុរសនោះទូលព្រះអង្គថា៖ «លោកគ្រូអើយ! ខ្ញុំបានប្រតិបត្តិតាមបទបញ្ជា*ទាំងនេះ តាំងពីក្មេងមក»។
21. ព្រះយេស៊ូទតមើលទៅគាត់ ហើយមានព្រះហឫទ័យស្រឡាញ់គាត់ ទ្រង់មានព្រះបន្ទូលថា៖ «នៅខ្វះកិច្ចការមួយទៀតដែលអ្នកមិនទាន់ធ្វើ គឺត្រូវអញ្ជើញទៅលក់អ្វីៗដែលអ្នកមាន រួចចែកឲ្យជនក្រីក្រទៅ ធ្វើដូច្នេះ ទើបអ្នកមានសម្បត្តិសួគ៌ បន្ទាប់មក សឹមអញ្ជើញមកតាមខ្ញុំ»។
22. កាលបុរសនោះឮដូច្នេះ គាត់មានទឹកមុខស្រពោន ហើយវិលត្រឡប់ទៅវិញទាំងព្រួយចិត្ត ដ្បិតគាត់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភណាស់។