ម៉ាកុស 1:9-19 Khmer Standard Version (KHSV)

9. នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​យាង​មក​ពី​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ។ ព្រះ‌អង្គ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ពី​លោក​យ៉ូហាន ក្នុង​ទន្លេ​យ័រដាន់។

10. ពេល​ព្រះ‌អង្គ​យាង​ឡើង​ពី​ទឹក​មក​ភ្លាម ទ្រង់​ទត​ឃើញ​ផ្ទៃ​មេឃ​រហែក​ជា​ពីរ ហើយ​ព្រះ‌វិញ្ញាណ​យាង​ចុះ​ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​ព្រះ‌អង្គ។

11. មាន​ឮ​ព្រះ‌សូរសៀង​ពី​លើ​មេឃ​មក​ថា៖ «ព្រះ‌អង្គ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់!»។

12. រំពេច​នោះ ព្រះ‌វិញ្ញាណ​ក៏​នាំ​ព្រះ‌យេស៊ូ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន។

13. ព្រះ‌អង្គ​គង់​នៅ​វាល​រហោ‌ស្ថាន​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ ត្រូវ​មារ*​សាតាំង​ល្បួង។ ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​មាន​ពួក​ទេវតា*​បម្រើ​ព្រះ‌អង្គ​ផង។

14. ក្រោយ​គេ​ចាប់​លោក​យ៉ូហាន​យក​ទៅ​ឃុំ‌ឃាំង ព្រះ‌យេស៊ូ​យាង​ទៅ​ស្រុក​កាលី‌ឡេ ហើយ​ប្រកាស​ដំណឹង‌ល្អ*​របស់​ព្រះ‌ជាម្ចាស់។

15. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ពេល​កំណត់​មក​ដល់​ហើយ រីឯ​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ក៏​មក​ជិត​បង្កើយ​ដែរ។ ចូរ​នាំ​គ្នា​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ជឿ​ដំណឹង‌ល្អ​ចុះ!»។

16. កាល​ព្រះ‌យេស៊ូ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ​ព្រះ‌អង្គ​ទត​ឃើញ​លោក​ស៊ីម៉ូន និង​លោក​អនទ្រេ ជា​ប្អូន​របស់​គាត់ កំពុង​តែ​បង់​សំណាញ់ ព្រោះ​អ្នក​ទាំង​ពីរ​ជា​អ្នក​នេសាទ​ត្រី។

17. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​នេសាទ​មនុស្ស​វិញ»។

18. អ្នក​ទាំង​ពីរ​ក៏​ទុក​សំណាញ់​នៅ​ទី​នោះ​ភ្លាម រួច​ដើរ​តាម​ព្រះ‌អង្គ​ទៅ។

19. កាល​ព្រះ‌យេស៊ូ​យាង​ទៅ​មុខ​បន្ដិច ព្រះ‌អង្គ​ទត​ឃើញ​លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​ប្អូន កំពុង​តែ​រៀបចំ​អួន​នៅ​ក្នុង​ទូក​មួយ អ្នក​ទាំង​ពីរ​ជា​កូន​លោក​សេបេ‌ដេ។

ម៉ាកុស 1