ម៉ាកុស 1:31-40 Khmer Standard Version (KHSV)

31. ព្រះ‌អង្គ​យាង​ចូល​ទៅ​ជិត ចាប់​ដៃ​គាត់​ឲ្យ​ក្រោក​ឡើង គាត់​ក៏​បាត់​គ្រុន ហើយ​បម្រើ​ភ្ញៀវ។

32. លុះ​ដល់​ល្ងាច ក្រោយ​ពេល​ថ្ងៃ​លិច គេ​នាំ​អ្នក​ជំងឺ និង​មនុស្ស​អារក្ស​ចូល​ទាំង​អស់ មក​រក​ព្រះ‌យេស៊ូ។

33. អ្នក​ក្រុង​ទាំង​ប៉ុន្មាន​មក​ផ្ដុំ​គ្នា​នៅ​មាត់​ទ្វារ​ក្រុង។

34. ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ជា​ច្រើន​នាក់ ដែល​មាន​ជំងឺ​ផ្សេងៗ​ឲ្យ​បាន​ជា​សះ‌ស្បើយ ហើយ​ព្រះ‌អង្គ​ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស​ផង ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​អារក្ស​និយាយ​ជា​ដាច់​ខាត ពី‌ព្រោះ​ពួក​វា​ដឹង​ឋានៈ​របស់​ព្រះ‌អង្គ។

35. ព្រឹក​ឡើង កាល​ងងឹត​នៅ​ឡើយ ព្រះ‌យេស៊ូ​តើន​ឡើង ទ្រង់​យាង​ចេញ​ពី​ផ្ទះ ទៅ​កន្លែង​មួយ​ស្ងាត់ ហើយ​អធិស្ឋាន*​នៅ​ទី​នោះ។

36. លោក​ស៊ីម៉ូន និង​អ្នក​ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​តាម​រក​ព្រះ‌អង្គ។

37. លុះ​បាន​ជួប​ហើយ គេ​ទូល​ថា៖ «គេ​ខំ​ស្វែង​រក​លោក​គ្រប់ៗ​គ្នា»។

38. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «យើង​ត្រូវ​នាំ​គ្នា​ទៅ​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​នេះ ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង‌ល្អ*​នៅ​ទី​នោះ​ដែរ ដ្បិត​ខ្ញុំ​ចេញ​មក ដើម្បី​បំពេញ​ការ​នេះ​ឯង»។

39. ព្រះ‌អង្គ​យាង​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​កាលី‌ឡេ​ហើយ​ប្រកាស​ដំណឹង‌ល្អ*​នៅ​តាម​សាលា​ប្រជុំ*​ទាំង‌ឡាយ ព្រម​ទាំង​ដេញ​អារក្ស​ចេញ​ពី​មនុស្ស​ផង។

40. មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​រក​ព្រះ‌យេស៊ូ គាត់​លុត​ជង្គង់ ទូល‌អង្វរ​ព្រះ‌អង្គ​ថា៖ «ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ប្របាទ​ឲ្យ​ជា​ស្អាត​បរិសុទ្ធ*​ផង»។

ម៉ាកុស 1