29. ព្រះយេស៊ូ និងសិស្ស*នាំគ្នាចេញពីសាលាប្រជុំ*ទៅផ្ទះលោកស៊ីម៉ូន និងលោកអនទ្រេ លោកយ៉ាកុប និងលោកយ៉ូហាន ក៏ទៅជាមួយដែរ។
30. ម្ដាយក្មេករបស់លោកស៊ីម៉ូនកំពុងតែគ្រុន សម្រាន្ដនៅលើគ្រែ។ ពេលព្រះយេស៊ូយាងទៅដល់ គេទូលព្រះអង្គភ្លាមថា គាត់ឈឺ។
31. ព្រះអង្គយាងចូលទៅជិត ចាប់ដៃគាត់ឲ្យក្រោកឡើង គាត់ក៏បាត់គ្រុន ហើយបម្រើភ្ញៀវ។
32. លុះដល់ល្ងាច ក្រោយពេលថ្ងៃលិច គេនាំអ្នកជំងឺ និងមនុស្សអារក្សចូលទាំងអស់ មករកព្រះយេស៊ូ។
33. អ្នកក្រុងទាំងប៉ុន្មានមកផ្ដុំគ្នានៅមាត់ទ្វារក្រុង។
34. ព្រះយេស៊ូប្រោសមនុស្សជាច្រើននាក់ ដែលមានជំងឺផ្សេងៗឲ្យបានជាសះស្បើយ ហើយព្រះអង្គដេញអារក្សជាច្រើនចេញពីមនុស្សផង ព្រះអង្គមិនអនុញ្ញាតឲ្យអារក្សនិយាយជាដាច់ខាត ពីព្រោះពួកវាដឹងឋានៈរបស់ព្រះអង្គ។
35. ព្រឹកឡើង កាលងងឹតនៅឡើយ ព្រះយេស៊ូតើនឡើង ទ្រង់យាងចេញពីផ្ទះ ទៅកន្លែងមួយស្ងាត់ ហើយអធិស្ឋាន*នៅទីនោះ។
36. លោកស៊ីម៉ូន និងអ្នកដែលនៅជាមួយគាត់ នាំគ្នាតាមរកព្រះអង្គ។
37. លុះបានជួបហើយ គេទូលថា៖ «គេខំស្វែងរកលោកគ្រប់ៗគ្នា»។
38. ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «យើងត្រូវនាំគ្នាទៅភូមិឯទៀតៗដែលនៅជិតនេះ ខ្ញុំត្រូវប្រកាសដំណឹងល្អ*នៅទីនោះដែរ ដ្បិតខ្ញុំចេញមក ដើម្បីបំពេញការនេះឯង»។
39. ព្រះអង្គយាងទៅគ្រប់ទីកន្លែង ក្នុងស្រុកកាលីឡេហើយប្រកាសដំណឹងល្អ*នៅតាមសាលាប្រជុំ*ទាំងឡាយ ព្រមទាំងដេញអារក្សចេញពីមនុស្សផង។
40. មានមនុស្សឃ្លង់ម្នាក់ចូលមករកព្រះយេស៊ូ គាត់លុតជង្គង់ ទូលអង្វរព្រះអង្គថា៖ «ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទឲ្យជាស្អាតបរិសុទ្ធ*ផង»។