13. ព្រះអង្គគង់នៅវាលរហោស្ថានអស់រយៈពេលសែសិបថ្ងៃ ត្រូវមារ*សាតាំងល្បួង។ ព្រះអង្គគង់នៅជាមួយសត្វព្រៃ ហើយមានពួកទេវតា*បម្រើព្រះអង្គផង។
14. ក្រោយគេចាប់លោកយ៉ូហានយកទៅឃុំឃាំង ព្រះយេស៊ូយាងទៅស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អ*របស់ព្រះជាម្ចាស់។
15. ព្រះអង្គមានព្រះបន្ទូលថា៖ «ពេលកំណត់មកដល់ហើយ រីឯព្រះរាជ្យ*របស់ព្រះជាម្ចាស់ក៏មកជិតបង្កើយដែរ។ ចូរនាំគ្នាកែប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ!»។
16. កាលព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេព្រះអង្គទតឃើញលោកស៊ីម៉ូន និងលោកអនទ្រេ ជាប្អូនរបស់គាត់ កំពុងតែបង់សំណាញ់ ព្រោះអ្នកទាំងពីរជាអ្នកនេសាទត្រី។
17. ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សុំអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។
18. អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមព្រះអង្គទៅ។
19. កាលព្រះយេស៊ូយាងទៅមុខបន្ដិច ព្រះអង្គទតឃើញលោកយ៉ាកុប និងលោកយ៉ូហាន ជាប្អូន កំពុងតែរៀបចំអួននៅក្នុងទូកមួយ អ្នកទាំងពីរជាកូនលោកសេបេដេ។
20. ព្រះអង្គត្រាស់ហៅអ្នកទាំងពីរភ្លាម គេក៏ដើរតាមព្រះយេស៊ូទៅ ទុកឪពុកឲ្យនៅក្នុងទូកជាមួយពួកកូនឈ្នួល។
21. ព្រះយេស៊ូយាងចូលក្រុងកាពើណិមជាមួយពួកសិស្ស*។ នៅថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងចូលក្នុងសាលាប្រជុំ* ហើយព្រះអង្គបង្រៀនអ្នកស្រុក។
22. អ្នកដែលបានស្ដាប់ព្រះអង្គងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច ខុសប្លែកពីពួកអាចារ្យ*។
23. នៅពេលនោះ ក្នុងសាលាប្រជុំ* មានបុរសម្នាក់ដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួន ស្រែកឡើងថា៖
24. «ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ! តើព្រះអង្គចង់ធ្វើអ្វីយើង? ព្រះអង្គមកបំផ្លាញយើង! ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធ ដែលមកពីព្រះជាម្ចាស់»។
25. ព្រះយេស៊ូគំរាមវិញ្ញាណអាក្រក់នោះថា៖ «ស្ងៀម! ចេញពីអ្នកនេះភ្លាម!»។
26. វិញ្ញាណអាក្រក់ក៏ធ្វើឲ្យបុរសនោះ ដួលប្រកាច់ប្រកិន ហើយវាចេញទៅ ទាំងស្រែកយ៉ាងខ្លាំងផង។