ម៉ាកុស 1:12-30 Khmer Standard Version (KHSV)

12. រំពេច​នោះ ព្រះ‌វិញ្ញាណ​ក៏​នាំ​ព្រះ‌យេស៊ូ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន។

13. ព្រះ‌អង្គ​គង់​នៅ​វាល​រហោ‌ស្ថាន​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ ត្រូវ​មារ*​សាតាំង​ល្បួង។ ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​មាន​ពួក​ទេវតា*​បម្រើ​ព្រះ‌អង្គ​ផង។

14. ក្រោយ​គេ​ចាប់​លោក​យ៉ូហាន​យក​ទៅ​ឃុំ‌ឃាំង ព្រះ‌យេស៊ូ​យាង​ទៅ​ស្រុក​កាលី‌ឡេ ហើយ​ប្រកាស​ដំណឹង‌ល្អ*​របស់​ព្រះ‌ជាម្ចាស់។

15. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ពេល​កំណត់​មក​ដល់​ហើយ រីឯ​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ក៏​មក​ជិត​បង្កើយ​ដែរ។ ចូរ​នាំ​គ្នា​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ជឿ​ដំណឹង‌ល្អ​ចុះ!»។

16. កាល​ព្រះ‌យេស៊ូ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ​ព្រះ‌អង្គ​ទត​ឃើញ​លោក​ស៊ីម៉ូន និង​លោក​អនទ្រេ ជា​ប្អូន​របស់​គាត់ កំពុង​តែ​បង់​សំណាញ់ ព្រោះ​អ្នក​ទាំង​ពីរ​ជា​អ្នក​នេសាទ​ត្រី។

17. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​នេសាទ​មនុស្ស​វិញ»។

18. អ្នក​ទាំង​ពីរ​ក៏​ទុក​សំណាញ់​នៅ​ទី​នោះ​ភ្លាម រួច​ដើរ​តាម​ព្រះ‌អង្គ​ទៅ។

19. កាល​ព្រះ‌យេស៊ូ​យាង​ទៅ​មុខ​បន្ដិច ព្រះ‌អង្គ​ទត​ឃើញ​លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​ប្អូន កំពុង​តែ​រៀបចំ​អួន​នៅ​ក្នុង​ទូក​មួយ អ្នក​ទាំង​ពីរ​ជា​កូន​លោក​សេបេ‌ដេ។

20. ព្រះ‌អង្គ​ត្រាស់​ហៅ​អ្នក​ទាំង​ពីរ​ភ្លាម គេ​ក៏​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ ទុក​ឪពុក​ឲ្យ​នៅ​ក្នុង​ទូក​ជា​មួយ​ពួក​កូន​ឈ្នួល។

21. ព្រះ‌យេស៊ូ​យាង​ចូល​ក្រុង​កាពើ‌ណិម​ជា​មួយ​ពួក​សិស្ស*។ នៅ​ថ្ងៃ​សប្ប័ទ* ព្រះ‌យេស៊ូ​យាង​ចូល​ក្នុង​សាលា​ប្រជុំ* ហើយ​ព្រះ‌អង្គ​បង្រៀន​អ្នក​ស្រុក។

22. អ្នក​ដែល​បាន​ស្ដាប់​ព្រះ‌អង្គ​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ​ដែល​ព្រះ‌អង្គ​បង្រៀន ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ប្រកប​ដោយ​អំណាច ខុស​ប្លែក​ពី​ពួក​អាចារ្យ*។

23. នៅ​ពេល​នោះ ក្នុង​សាលា​ប្រជុំ* មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន ស្រែក​ឡើង​ថា៖

24. «ព្រះ‌យេស៊ូ​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​អើយ! តើ​ព្រះ‌អង្គ​ចង់​ធ្វើ​អ្វី​យើង? ព្រះ‌អង្គ​មក​បំផ្លាញ​យើង! ខ្ញុំ​ស្គាល់​ព្រះ‌អង្គ​ហើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ ដែល​មក​ពី​ព្រះ‌ជាម្ចាស់»។

25. ព្រះ‌យេស៊ូ​គំរាម​វិញ្ញាណ​អាក្រក់​នោះ​ថា៖ «ស្ងៀម! ចេញ​ពី​អ្នក​នេះ​ភ្លាម!»។

26. វិញ្ញាណ​អាក្រក់​ក៏​ធ្វើ​ឲ្យ​បុរស​នោះ ដួល​ប្រកាច់‌ប្រកិន ហើយ​វា​ចេញ​ទៅ ទាំង​ស្រែក​យ៉ាង​ខ្លាំង​ផង។

27. មនុស្ស‌ម្នា​ទាំង​អស់ ភ័យ​ស្រឡាំង‌កាំង គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ម្ដេច​ក៏​អស្ចារ្យ​ម៉្លេះ! លោក​បង្រៀន​តាម​របៀប​ថ្មី​ប្រកប​ដោយ​អំណាច។ លោក​បញ្ជា​ទៅ​វិញ្ញាណ​អាក្រក់ ហើយ​វិញ្ញាណ​អាក្រក់​ក៏​ស្ដាប់​បង្គាប់​លោក»។

28. ព្រះ‌កិត្តិនាម​របស់​ព្រះ‌យេស៊ូ​ល្បី​ខ្ចរ‌ខ្ចាយ ពាស‌ពេញ​តំបន់​កាលី‌ឡេ​ទាំង​មូល។

29. ព្រះ‌យេស៊ូ និង​សិស្ស*​នាំ​គ្នា​ចេញ​ពី​សាលា​ប្រជុំ*​ទៅ​ផ្ទះ​លោក​ស៊ីម៉ូន និង​លោក​អនទ្រេ លោក​យ៉ាកុប និង​លោក​យ៉ូហាន ក៏​ទៅ​ជា​មួយ​ដែរ។

30. ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​កំពុង​តែ​គ្រុន សម្រាន្ដ​នៅ​លើ​គ្រែ។ ពេល​ព្រះ‌យេស៊ូ​យាង​ទៅ​ដល់ គេ​ទូល​ព្រះ‌អង្គ​ភ្លាម​ថា គាត់​ឈឺ។

ម៉ាកុស 1