1. ដំណឹងល្អ*អំពីព្រះយេស៊ូគ្រិស្ដ* ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ចាប់ផ្ដើមដូចតទៅ:
2. ក្នុងគម្ពីរព្យាការីអេសាយមានចែងទុកមកថា៖ «យើងចាត់ទូតយើងឲ្យទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
3. មានសំឡេងបុរសម្នាក់ស្រែកនៅវាលរហោស្ថាន ថា: “ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ”» ។
4. ពេលនោះ លោកយ៉ូហានមកដល់ ស្របតាមបទគម្ពីរនេះមែន ហើយធ្វើពិធីជ្រមុជទឹក*នៅវាលរហោស្ថាន។ លោកប្រកាសឲ្យមនុស្សម្នាកែប្រែចិត្តគំនិតដោយទទួលពិធីជ្រមុជទឹក ដើម្បីព្រះជាម្ចាស់លើកលែងទោសឲ្យរួចពីបាប។
5. អ្នកស្រុកយូដាទាំងអស់ និងអ្នកក្រុងយេរូសាឡឹមទាំងមូលនាំគ្នាចេញទៅរកលោក។ គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយលោកក៏ធ្វើពិធីជ្រមុជទឹកឲ្យគេក្នុងទន្លេយ័រដាន់។
6. លោកយ៉ូហានស្លៀកសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ ពាក់ខ្សែក្រវាត់ធ្វើពីស្បែក ហើយបរិភោគកណ្ដូប និងទឹកឃ្មុំ។
7. លោកប្រកាសប្រាប់បណ្ដាជនថា៖ «លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំ នឹងមកតាមក្រោយខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែអោនស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង។