ភីលេ‌ម៉ូន 1:6-14 Khmer Standard Version (KHSV)

6. សូម​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ការ​រួម​រស់​ក្នុង​ជំនឿ ជំរុញ​ចិត្ត​លោក​ប្អូន​ឲ្យ​ស្គាល់​ច្បាស់ នូវ​ការ​ល្អ​គ្រប់​យ៉ាង ដែល​យើង​ត្រូវ​ធ្វើ​ថ្វាយ​ព្រះ‌គ្រិស្ដ*។

7. ខ្ញុំ​មាន​អំណរ និង​មាន​កម្លាំង​ចិត្ត​យ៉ាង​ខ្លាំង ដោយ​ឃើញ​ថា​លោក​ប្អូន​មាន​ចិត្ត​ស្រឡាញ់ ដ្បិត​លោក​ប្អូន​បាន​ធ្វើ​ឲ្យ​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​មាន​ចិត្ត​ស្ងប់។

8. ទោះ​បី​ខ្ញុំ​មាន​សិទ្ធិ​ពេញ​ទី​នឹង​បង្គាប់​លោក​ប្អូន ក្នុង​នាម​ព្រះ‌គ្រិស្ដ ឲ្យ​ធ្វើ​អ្វី​ដែល​លោក​ប្អូន​ត្រូវ​ធ្វើ​ក្ដី

9. ក៏​ខ្ញុំ​ចូល​ចិត្ត​យក​សេចក្ដី​ស្រឡាញ់​មក​អង្វរ​លោក​ប្អូន​វិញ​ដែរ។ ខ្ញុំ ប៉ូល ដែល​កាន់​តែ​ចាស់​ហើយ ឥឡូវ​នេះ ក៏​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះ‌គ្រិស្ដ‌យេស៊ូ​ថែម​ទៀត

10. ខ្ញុំ​សូម​អង្វរ​លោក​ប្អូន​ឲ្យ​កូន​របស់​ខ្ញុំ គឺ​អូនេ‌ស៊ីម ដែល​ខ្ញុំ​បាន​បង្កើត​នៅ​ពេល​ជាប់​ឃុំ‌ឃាំង។

11. ពី​ដើម គាត់​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​លោក​ប្អូន​មែន ប៉ុន្តែ ឥឡូវ​នេះ គាត់​ប្រាកដ​ជា​មាន​ប្រយោជន៍​សម្រាប់​លោក​ប្អូន ក៏​ដូច​ជា​មាន​ប្រយោជន៍​សម្រាប់​ខ្ញុំ​ដែរ។

12. ខ្ញុំ​សូម​ចាត់​គាត់ ដែល​ប្រៀប​បី​ដូច​ជា​ថ្លើម​ប្រមាត់​របស់​ខ្ញុំ ឲ្យ​វិល​មក​រក​លោក​ប្អូន​វិញ។

13. ខ្ញុំ​មាន​បំណង​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​នៅ​បម្រើ​ខ្ញុំ​ជំនួស​លោក​ប្អូន ក្នុង​ពេល​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ដំណឹង‌ល្អ*​នេះ

14. ក៏​ប៉ុន្តែ ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​លោក​ប្អូន​ឡើយ ដើម្បី​កុំ​ឲ្យ​លោក​ប្អូន​ធ្វើ​អំពើ​ល្អ ទាំង​ទើស ទាំង​ទ័ល គឺ​ធ្វើ​ដោយ​ស្ម័គ្រ​ចិត្ត​វិញ។

ភីលេ‌ម៉ូន 1