13. ដ្បិតព្រះជាម្ចាស់ទេតើ ដែលធ្វើឲ្យបងប្អូនមានទាំងបំណង មានទាំងសមត្ថភាពអាចនឹងប្រព្រឹត្តតាមព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ។
14. ចូរធ្វើកិច្ចការទាំងអស់ ដោយឥតរអ៊ូរទាំ ឬជជែកតវ៉ាឡើយ
15. ដើម្បីឲ្យបងប្អូនបានល្អឥតខ្ចោះ ឥតសៅហ្មង ជាបុត្ររបស់ព្រះជាម្ចាស់ ដែលឥតមានកំហុស ក្នុងចំណោមមនុស្សវៀចវេរ និងខិលខូចនៅជំនាន់នេះ។ បងប្អូនភ្លឺក្នុងចំណោមពួកគេ ដូចពន្លឺដែលបំភ្លឺពិភពលោក
16. ទាំងនាំព្រះបន្ទូលដែលផ្ដល់ជីវិតមកឲ្យពួកគេ។ បើបងប្អូនធ្វើដូច្នេះ ខ្ញុំនឹងបានខ្ពស់មុខនៅថ្ងៃព្រះគ្រិស្ដយាងមក ព្រោះកិច្ចការដែលខ្ញុំបានខំប្រឹងធ្វើ ទាំងនឿយហត់នោះ មិនមែនអសារឥតការទេ។
17. ទោះបីខ្ញុំត្រូវបង្ហូរឈាមទុកជាសក្ការបូជាបន្ថែមពីលើយញ្ញបូជា និងពីលើតង្វាយនៃជំនឿរបស់បងប្អូន ខ្ញុំមានអំណរសប្បាយពីការនេះ ហើយខ្ញុំក៏សប្បាយចិត្តរួមជាមួយបងប្អូនទាំងអស់គ្នាដែរ។
18. រីឯបងប្អូនវិញ សូមឲ្យបងប្អូនមានអំណរ ហើយសប្បាយចិត្តរួមជាមួយខ្ញុំផង។
19. ដោយរួមជាមួយព្រះអម្ចាស់យេស៊ូ ខ្ញុំសង្ឃឹមថា នឹងចាត់លោកធីម៉ូថេមករកបងប្អូន ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យខ្ញុំបានធូរស្បើយក្នុងចិត្ត ដោយទទួលដំណឹងពីបងប្អូន
20. ដ្បិតក្រៅពីគាត់គ្មាននរណាជួយរំលែកទឹកចិត្តរបស់ខ្ញុំ ហើយគ្មាននរណាខ្វល់ខ្វាយនឹងបងប្អូនពិតប្រាកដទេ។
21. អ្នកឯទៀតៗគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់គ្នា គេមិនគិតពីប្រយោជន៍របស់ព្រះយេស៊ូគ្រិស្ដទេ។
22. បងប្អូនជ្រាបអំពីទឹកចិត្តរបស់គាត់ស្រាប់ហើយថា គាត់ពួតដៃជាមួយខ្ញុំដូចកូននឹងឪពុក ដើម្បីបម្រើដំណឹងល្អ។
23. ដូច្នេះ ខ្ញុំសង្ឃឹមថានឹងចាត់គាត់មករកបងប្អូនក្នុងពេលឆាប់ៗ នៅពេលណារឿងរ៉ាវខ្ញុំបានជ្រះស្រឡះ។
24. ដោយរួមជាមួយព្រះអម្ចាស់ ខ្ញុំជឿជាក់ថា ខ្លួនខ្ញុំផ្ទាល់ក៏មុខជាមកក្នុងពេលឆាប់ៗខាងមុខនេះដែរ។
25. ខ្ញុំយល់ឃើញទៀតថា ត្រូវតែចាត់លោកអេប៉ោប្រូឌីត ជាបងប្អូន និងជាសហការីរបស់ខ្ញុំ ហើយជាអ្នកតយុទ្ធរួមជាមួយខ្ញុំ ឲ្យមករកបងប្អូនជាចាំបាច់។ បងប្អូនបានចាត់គាត់ឲ្យមកជួយឧបត្ថម្ភខ្ញុំនៅពេលខ្ញុំត្រូវការ។
26. គាត់មានបំណងចង់មកជួបបងប្អូនទាំងអស់គ្នាខ្លាំងណាស់ ហើយគាត់ក៏ពិបាកចិត្ត ព្រោះបងប្អូនបានទទួលដំណឹងថាគាត់មានជំងឺ។