7. ខ្ញុំមានចិត្តគំនិតបែបនេះចំពោះបងប្អូនទាំងអស់គ្នា ពិតជាត្រឹមត្រូវមែន ព្រោះចិត្តខ្ញុំនៅជាប់ជំពាក់នឹងបងប្អូនជានិច្ច ហើយទោះបីខ្ញុំនៅជាប់ឃុំឃាំងក្ដី ឬពេលខ្ញុំនិយាយ និងពង្រឹងដំណឹងល្អ*ក្ដី បងប្អូនទាំងអស់គ្នាក៏បានរួមចំណែកជាមួយខ្ញុំក្នុងកិច្ចការដែលព្រះជាម្ចាស់ប្រណីសន្ដោស ឲ្យខ្ញុំបំពេញនេះដែរ។
8. ព្រះជាម្ចាស់ជាសាក្សីស្រាប់ហើយថា ខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នាយ៉ាងខ្លាំង ដោយចិត្តអាណិតមេត្តាមកពីព្រះគ្រិស្ដយេស៊ូ។
9. ខ្ញុំទូលអង្វរព្រះជាម្ចាស់ដូចតទៅនេះ គឺសូមឲ្យបងប្អូនមានសេចក្ដីស្រឡាញ់ដ៏លើសលប់កាន់តែខ្លាំងឡើងៗ ធ្វើឲ្យបងប្អូនចេះដឹងច្បាស់ និងយល់សព្វគ្រប់ទាំងអស់
10. ដើម្បីឲ្យបងប្អូនចេះពិចារណាមើលថា ការអ្វីប្រសើរជាងគេ។ ដូច្នេះ នៅថ្ងៃព្រះគ្រិស្ដយាងមក បងប្អូននឹងបានបរិសុទ្ធ*ឥតមានកំហុសអ្វីឡើយ
11. ហើយបងប្អូននឹងបានពោរពេញដោយផលនៃសេចក្ដីសុចរិត ដែលមកពីព្រះយេស៊ូគ្រិស្ដ សម្រាប់លើកតម្កើងសិរីរុងរឿង និងកោតសរសើរព្រះជាម្ចាស់។
12. បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា ហេតុការណ៍ដែលកើតមានដល់ខ្ញុំនោះ បែរជាជួយដំណឹងល្អវិញទេ
13. គឺនៅក្នុងសាលាកាត់ក្ដីទាំងមូល និងនៅគ្រប់ទីកន្លែងឯទៀតៗ មនុស្សម្នាបានឃើញយ៉ាងច្បាស់ថា ខ្ញុំជាប់ឃុំឃាំង ព្រោះតែព្រះគ្រិស្ដ។
14. ដោយឃើញខ្ញុំជាប់ឃុំឃាំងដូច្នេះ បងប្អូនភាគច្រើនទុកចិត្តលើព្រះអម្ចាស់ ហើយរឹតតែមានចិត្តក្លាហានប្រកាសព្រះបន្ទូលឥតភ័យខ្លាចអ្វីឡើយ។
15. មានបងប្អូនខ្លះប្រកាសដំណឹងល្អអំពីព្រះគ្រិស្ដ ដោយចិត្តច្រណែនឈ្នានីសចង់ប្រណាំងប្រជែង តែបងប្អូនខ្លះទៀតប្រកាសដោយមានឆន្ទៈល្អ
16. បងប្អូនទាំងនេះប្រកាសដោយចិត្តស្រឡាញ់ ព្រោះដឹងថាព្រះអម្ចាស់បានតែងតាំងខ្ញុំឲ្យការពារដំណឹងល្អ។
17. រីឯអ្នកដែលផ្សាយដំណឹងអំពីព្រះគ្រិស្ដ ដោយគំនិតប្រកួតចង់ឈ្នះនោះវិញ គេមានគោលបំណងមិនបរិសុទ្ធ*ទេ គឺគេស្មានថានឹងធ្វើឲ្យខ្ញុំរឹងរឹតតែវេទនាក្នុងទីឃុំឃាំងថែមទៀត។
18. មិនថ្វីទេ! ទោះជាយ៉ាងណាក៏ដោយ បើគេមានគំនិតវៀចវេរក្ដី ស្មោះសរក្ដី ក៏គេផ្សាយដំណឹងអំពីព្រះគ្រិស្ដដែរ ខ្ញុំសប្បាយចិត្តនឹងការនេះ ហើយខ្ញុំនឹងសប្បាយចិត្តតទៅមុខទៀត