5. ពួកអ្នកដែលតាមប្រហារយើងខ្ញុំស្ថិតនៅពីក្រោយខ្នងយើងខ្ញុំជានិច្ចយើងខ្ញុំអស់កម្លាំងតែគេមិនទុកឲ្យយើងខ្ញុំសម្រាកទេ។
6. យើងខ្ញុំលើកដៃអង្វរសុំស្បៀងពីស្រុកអេស៊ីបនិងស្រុកអាស្ស៊ីរី ដើម្បីចំអែតក្រពះ។
7. ដូនតារបស់យើងខ្ញុំបានប្រព្រឹត្តអំពើបាបមែនតែពួកគេស្លាប់អស់ហើយគឺយើងខ្ញុំទេដែលរងទុក្ខទោសព្រោះតែកំហុសដែលដូនតាបានប្រព្រឹត្ត។
8. ពួកទាសករត្រួតត្រាលើយើងខ្ញុំតែគ្មាននរណារំដោះយើងខ្ញុំចេញពីកណ្ដាប់ដៃរបស់អ្នកទាំងនោះទេ។
9. យើងខ្ញុំប្រថុយជីវិត ឆ្លងកាត់មុខដាវដើម្បីទៅរកស្បៀងអាហារ។
10. ដោយឃ្លានខ្លាំងពេកស្បែករបស់យើងខ្ញុំឡើងក្ដៅដូចភ្លើងចង្ក្រាន។
11. សត្រូវរំលោភស្ត្រីនៅក្នុងក្រុងស៊ីយ៉ូននិងរំលោភស្ត្រីក្រមុំនៅតាមក្រុងនានាក្នុងស្រុកយូដា។
12. ពួកគេព្យួរ-កពួកមន្ត្រីរបស់យើងខ្ញុំហើយគ្មាននរណាគោរពចាស់ជរាទេ។
13. គេប្រើឲ្យពួកយុវជនលីត្បាល់កិនគេប្រើក្មេងប្រុសៗឲ្យលីឈើដ៏ធ្ងន់រហូតដល់ជំពប់ជើងដួល។
14. ពួកព្រឹទ្ធាចារ្យលែងអង្គុយនៅមាត់ទ្វារក្រុងទៀតហើយរីឯពួកយុវជនក៏លែងនាំគ្នាច្រៀងទៀតដែរ។
15. អំណរបានចាកចេញបាត់ពីចិត្តយើងខ្ញុំយើងខ្ញុំនាំគ្នាកាន់ទុក្ខជំនួសការរាំរែក
16. យើងខ្ញុំបាត់បង់កិត្តិយសយើងខ្ញុំត្រូវវេទនាព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប!
17. ហេតុនេះហើយបានជាចិត្តយើងខ្ញុំខ្លោចផ្សាយើងខ្ញុំយំរហូតដល់ហើមភ្នែក។
18. ភ្នំស៊ីយ៉ូនក្លាយទៅជាទីស្មសានជាកន្លែងដែលកញ្ជ្រោងដើររកស៊ី។
19. ព្រះអម្ចាស់អើយព្រះអង្គគ្រងរាជ្យរហូតតទៅបល្ល័ង្ករបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។