បរិទេវ 4:13-22 Khmer Standard Version (KHSV)

13. ហេតុ‌ការណ៍​នេះ​កើត​ឡើងព្រោះ​តែ​អំពើ​បាប​របស់​ពួក​ព្យាការីនិង​កំហុស​របស់​ពួក​បូជា‌ចារ្យដែល​ប្រហារ​ជីវិត​មនុស្ស​សុចរិត​នៅ​ក្នុង​ទីក្រុង!

14. អ្នក​ទាំង​នោះ​ដើរ​តែល‌តោល​នៅ​តាម​ផ្លូវដូច​មនុស្ស​ខ្វាក់ខ្លួន​ប្រាណ​របស់​គេ​ប្រឡាក់​ទៅ​ដោយ​ឈាមសូម្បី​តែ​សម្លៀក‌បំពាក់​របស់​ពួក​គេក៏​គ្មាន​នរណា​ហ៊ាន​ប៉ះ‌ពាល់​ដែរ។

15. អ្នក​ឯ​ទៀតៗ​ស្រែក​ដាក់​អ្នក​ទាំង​នោះ​ថា:ជន​មិន​បរិសុទ្ធ​អើយ ចូរ​ចៀស​ចេញ​ទៅ!ចៀស! ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ទៅ!កុំ​ប៉ះ‌ពាល់​ឲ្យ​សោះ!ពួក​គេ​រត់​ភៀស​ខ្លួនពី​ប្រជា‌ជាតិ​មួយ​ទៅ​ប្រជា‌ជាតិ​មួយតែ​គ្មាន​នរណា​ទទួល​ពួក​គេឲ្យ​ស្នាក់​អាស្រ័យ​ឡើយ។

16. ព្រះ‌អម្ចាស់​ផ្ទាល់​បាន​កំចាត់‌កំចាយ​ពួក​គេព្រះ‌អង្គ​លែង​រវី‌រវល់​នឹង​ពួក​គេ។គ្មាន​នរណា​គោរព​ពួក​បូជា‌ចារ្យឬ​អាណិត​មេត្តា​មនុស្ស​ចាស់​ជរា​ឡើយ។

17. យើង​ទន្ទឹង​រង់‌ចាំ​រហូត​ដល់​ផ្សា​ភ្នែកតែ​មិន​ឃើញ​មាន​នរណា​មក​សង្គ្រោះ​សោះយើង​ឃ្លាំ​មើល ហើយ​ឃ្លាំ​មើល​ទៀតតែ​គ្មាន​ប្រជា‌ជាតិ​ណា​មួយ​សង្គ្រោះ​យើង​ទេ។

18. សត្រូវ​នាំ​គ្នា​ពួន​ស្ទាក់​ចាំ​ប្រហារ​យើងសូម្បី​តែ​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​របស់​យើងក៏​យើង​ដើរ​មិន​បាន​ផង។ថ្ងៃ​ដែល​យើង​ត្រូវ​ស្លាប់ ជិត​មក​ដល់យើង​ជិត​អស់​អាយុថ្ងៃ​ដែល​យើង​ត្រូវ​ស្លាប់ មក​ដល់​ហើយ!

19. អ្នក​ដែល​ប្រហារ​យើង នាំ​គ្នា​ដេញ​តាម​យើងលឿន​ជាង​សត្វ​ឥន្ទ្រី​ហោះ​ហើរ​នៅ​លើ​មេឃពួក​គេ​ដេញ​តាម​យើង​នៅ​លើ​ភ្នំពួក​គេ​ចាំ​ស្ទាក់​យើង​នៅ​វាល​រហោ‌ស្ថាន។

20. យើង​ធ្លាប់​ពោល​ថាដោយ‌សារ​ម្លប់​ត្រជាក់‌ត្រជុំ​នៃ​ព្រះ‌មហា‌ក្សត្រយើង​នឹង​រស់​នៅ​ក្នុង​ចំណោមប្រជា‌ជាតិ​ទាំង‌ឡាយ។ប៉ុន្តែ​ឥឡូវ​នេះ ព្រះ‌មហា‌ក្សត្រដែល​ជា​ម្ចាស់​ជីវិត​របស់​យើងគឺ​ស្ដេច​ដែល​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេកទ្រង់​ជាប់​ឃុំ‌ឃាំង​ក្នុង​រណ្ដៅ​របស់​ពួក​គេ។

21. ប្រជា‌ជន​ស្រុក​អេដុម ប្រជា‌ជន​ស្រុក​អ៊ូស​អើយចូរ​សប្បាយ​ចិត្ត ចូរ​រីក‌រាយ​ទៅ!ដ្បិត​អ្នក​ត្រូវ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ដែរអ្នក​នឹង​ស្រវឹង ហើយ​នៅ​ខ្លួន​ទទេ។

22. ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយអ្នក​ទទួល​ទោស​ដល់​កម្រិត​ហើយគ្មាន​នរណា​កៀរ​អ្នក​យក​ទៅ​ជា​ឈ្លើយ​ទៀត​ទេរីឯ​ប្រជា‌ជន​ស្រុក​អេដុម​វិញព្រះ‌អម្ចាស់​នឹង​ធ្វើ​ទណ្ឌ‌កម្ម​ពួក​គេស្រប​តាម​អំពើ​ដែល​គេ​ប្រព្រឹត្តគឺ​ព្រះ‌អង្គ​លាត​ត្រដាង​អំពើ​បាប​របស់​ពួក​គេ។

បរិទេវ 4