បរិទេវ 4:1-13 Khmer Standard Version (KHSV)

1. ម្ដេច​ក៏​មាស​ប្រែ​ជា​ស្រអាប់ហើយ​មាស​ដ៏​សុទ្ធ​ប្រែ​ជា​បាត់​រស្មី​ដូច្នេះ!ថ្ម​ព្រះ‌វិហារ​នៅ​រប៉ាត់‌រប៉ាយ​គ្រប់​ទី​កន្លែងតាម​ដង​ផ្លូវ​ទាំង​អស់!

2. ប្រជា‌ជន​នៃ​ក្រុង​ស៊ីយ៉ូន​មាន​តម្លៃ​ណាស់គឺ​មាន​តម្លៃ​ដូច​មាស។ម្ដេច​ក៏​អ្នក​ទាំង​នោះ​ត្រូវ​គេ​ចាត់​ទុក​ដូច​ជាក្អម​ដី​ដែល​ជា​ស្នា‌ដៃ​របស់​ជាង​ស្មូន​ដូច្នេះ!

3. សូម្បី​តែ​ឆ្កែ​ព្រៃ​ក៏​ចេះ​បំបៅ​កូន​របស់​វា​ដែររីឯ​ប្រជា‌ជន​របស់​ខ្ញុំ​វិញគេ​បែរ​ជា​មាន​ចិត្ត​សាហាវ​ចំពោះ​កូន​របស់​ខ្លួនដូច​សត្វ​អូទ្រុសនៅ​វាល​រហោ‌ស្ថាន។

4. កូន​តូចៗ​របស់​គេ​ស្រេក​ទឹក​ខះ​កក្មេងៗ​នាំ​គ្នា​យំ​ទារ​រក​បាយតែ​គ្មាន​នរណា​យក​អ្វី​មក​បញ្ចុក​វា​ទេ។

5. អស់​អ្នក​ដែល​ធ្លាប់​តែ​មាន​អាហារ​ឆ្ងាញ់ៗបរិភោគ បែរ​ជា​ដាច់​ពោះ​ស្លាប់​នៅ​តាម​ផ្លូវអស់​អ្នក​ដែល​ធ្លាប់​តែ​ស្លៀក​ពាក់​យ៉ាង​រុង​រឿងតាំង​ពី​ក្មេង​មកបែរ​ជា​នាំ​គ្នា​កាយ​សំរាម​រក​អាហារ​បរិភោគ។

6. ប្រជា‌ជន​របស់​ខ្ញុំ​មាន​កំហុស​ធ្ងន់​ជាងអ្នក​ក្រុង​សូដុម​ដែល​ត្រូវ​វិនាស​យ៉ាង​ទាន់‌ហន់ដោយ​គ្មាន​នរណា​ប្រហារ​នោះ​ទៅ​ទៀត។

7. ពួក​មេ​ដឹក​នាំ​ធ្លាប់​តែ​ជា​មនុស្ស​បរិសុទ្ធ​ឥត​ខ្ចោះហើយ​ស​ជាង​សំឡី​ទៅ​ទៀតពួក​គេ​មាន​រូប​កាយ​ល្អ​ស្អាត​ជាង​ផ្កា​ថ្មហើយ​ផ្ទៃ​មុខ​ភ្លឺ​ដូច​កែវ‌មរកត។

8. ប៉ុន្តែ ឥឡូវ​នេះ មុខ​ពួក​គេ​ប្រែ​ជា​ខ្មៅ​ដូច​ធ្យូងនៅ​តាម​ផ្លូវ គ្មាន​នរណា​មើល​ពួក​គេ​ស្គាល់​ទេពួក​គេ​ស្គម​សល់​តែ​ស្បែក និង​ឆ្អឹងហើយ​ស្បែក​របស់​គេ​ស្ងួត​ដូច​សំបក​ឈើ។

9. អ្នក​ស្លាប់​ដោយ​មុខ​ដាវ​មាន​សំណាងជាង​អ្នក​ស្លាប់​ដោយ​អត់​អាហារដែល​វិនាស​បន្តិច​ម្ដងៗ ព្រោះ​គ្មាន​អ្វី​បរិភោគ។

10. នៅ​ពេល​មហន្ត‌រាយ​មក​ដល់ស្ត្រី​ដែល​ធ្លាប់​តែ​មាន​ចិត្ត​អាណិត​មេត្តាបែរ​ជា​នាំ​គ្នា​ស្ងោរ​កូន​ឯង​បរិភោគ​ទៅ​វិញ។

11. ព្រះ‌អម្ចាស់​ក្រេវ‌ក្រោធ​ដល់​កម្រិតព្រះ‌អង្គ​បាន​ជះ​ព្រះ‌ពិរោធព្រះ‌អង្គ​បង្កាត់​ភ្លើង​ដុត​ក្រុង​ស៊ីយ៉ូនឲ្យ​ឆេះ​រហូត​ដល់​គ្រឹះ។

12. ស្ដេច​ទាំង‌ឡាយ​នៅ​លើ​ផែនដីព្រម​ទាំង​មនុស្ស‌ម្នា​ក្នុង​លោក​ទាំង​មូលពិបាក​ជឿ​ថា បច្ចា‌មិត្ត​អាច​ចូល​មក​ក្នុងក្រុង​យេរូ‌សាឡឹម​បាន​យ៉ាង​នេះ។

13. ហេតុ‌ការណ៍​នេះ​កើត​ឡើងព្រោះ​តែ​អំពើ​បាប​របស់​ពួក​ព្យាការីនិង​កំហុស​របស់​ពួក​បូជា‌ចារ្យដែល​ប្រហារ​ជីវិត​មនុស្ស​សុចរិត​នៅ​ក្នុង​ទីក្រុង!

បរិទេវ 4