1. ម្ដេចក៏មាសប្រែជាស្រអាប់ហើយមាសដ៏សុទ្ធប្រែជាបាត់រស្មីដូច្នេះ!ថ្មព្រះវិហារនៅរប៉ាត់រប៉ាយគ្រប់ទីកន្លែងតាមដងផ្លូវទាំងអស់!
2. ប្រជាជននៃក្រុងស៊ីយ៉ូនមានតម្លៃណាស់គឺមានតម្លៃដូចមាស។ម្ដេចក៏អ្នកទាំងនោះត្រូវគេចាត់ទុកដូចជាក្អមដីដែលជាស្នាដៃរបស់ជាងស្មូនដូច្នេះ!
3. សូម្បីតែឆ្កែព្រៃក៏ចេះបំបៅកូនរបស់វាដែររីឯប្រជាជនរបស់ខ្ញុំវិញគេបែរជាមានចិត្តសាហាវចំពោះកូនរបស់ខ្លួនដូចសត្វអូទ្រុសនៅវាលរហោស្ថាន។
4. កូនតូចៗរបស់គេស្រេកទឹកខះកក្មេងៗនាំគ្នាយំទាររកបាយតែគ្មាននរណាយកអ្វីមកបញ្ចុកវាទេ។
5. អស់អ្នកដែលធ្លាប់តែមានអាហារឆ្ងាញ់ៗបរិភោគ បែរជាដាច់ពោះស្លាប់នៅតាមផ្លូវអស់អ្នកដែលធ្លាប់តែស្លៀកពាក់យ៉ាងរុងរឿងតាំងពីក្មេងមកបែរជានាំគ្នាកាយសំរាមរកអាហារបរិភោគ។
6. ប្រជាជនរបស់ខ្ញុំមានកំហុសធ្ងន់ជាងអ្នកក្រុងសូដុមដែលត្រូវវិនាសយ៉ាងទាន់ហន់ដោយគ្មាននរណាប្រហារនោះទៅទៀត។
7. ពួកមេដឹកនាំធ្លាប់តែជាមនុស្សបរិសុទ្ធឥតខ្ចោះហើយសជាងសំឡីទៅទៀតពួកគេមានរូបកាយល្អស្អាតជាងផ្កាថ្មហើយផ្ទៃមុខភ្លឺដូចកែវមរកត។
8. ប៉ុន្តែ ឥឡូវនេះ មុខពួកគេប្រែជាខ្មៅដូចធ្យូងនៅតាមផ្លូវ គ្មាននរណាមើលពួកគេស្គាល់ទេពួកគេស្គមសល់តែស្បែក និងឆ្អឹងហើយស្បែករបស់គេស្ងួតដូចសំបកឈើ។
9. អ្នកស្លាប់ដោយមុខដាវមានសំណាងជាងអ្នកស្លាប់ដោយអត់អាហារដែលវិនាសបន្តិចម្ដងៗ ព្រោះគ្មានអ្វីបរិភោគ។
10. នៅពេលមហន្តរាយមកដល់ស្ត្រីដែលធ្លាប់តែមានចិត្តអាណិតមេត្តាបែរជានាំគ្នាស្ងោរកូនឯងបរិភោគទៅវិញ។
11. ព្រះអម្ចាស់ក្រេវក្រោធដល់កម្រិតព្រះអង្គបានជះព្រះពិរោធព្រះអង្គបង្កាត់ភ្លើងដុតក្រុងស៊ីយ៉ូនឲ្យឆេះរហូតដល់គ្រឹះ។
12. ស្ដេចទាំងឡាយនៅលើផែនដីព្រមទាំងមនុស្សម្នាក្នុងលោកទាំងមូលពិបាកជឿថា បច្ចាមិត្តអាចចូលមកក្នុងក្រុងយេរូសាឡឹមបានយ៉ាងនេះ។