10. ព្រឹទ្ធាចារ្យរបស់ក្រុងស៊ីយ៉ូននាំគ្នាអង្គុយផ្ទាល់នឹងដី និយាយស្ដីលែងកើតពួកគេរោយធូលីដីលើក្បាលហើយស្លៀកបាវកាន់ទុក្ខ។ស្រីក្រមុំនៅក្រុងយេរូសាឡឹមនាំគ្នាដើរអោនមុខយ៉ាងអាម៉ាស់។
11. ខ្ញុំយំទាល់តែហើមភ្នែកចិត្តខ្ញុំខ្លោចផ្សា ថ្លើមប្រមាត់ខ្ញុំក៏ខ្ទេចខ្ទាំព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។កូនក្មេង និងទារកដេកដួលនៅតាមផ្លូវក្នុងបុរីនេះ។
12. ពួកវាយំទារអាហារ និងទឹកពីម្ដាយពួកវាដេកដួលនៅតាមផ្លូវក្នុងទីក្រុងដូចអ្នករបួសហើយផុតដង្ហើមនៅលើទ្រូងម្ដាយ។
13. ក្រុងស៊ីយ៉ូនអើយតើខ្ញុំមានពាក្យអ្វីនឹងថ្លែងទៀតនាងក្រមុំស៊ីយ៉ូនអើយតើខ្ញុំអាចយកអ្វីមកប្រៀបផ្ទឹមដើម្បីសម្រាលទុក្ខនាងបាន?ដ្បិតមហន្តរាយរបស់នាងធំដូចមហាសាគរតើនរណាអាចព្យាបាលនាងបាន?
14. ពួកព្យាការីរបស់នាងបាននាំសុបិននិមិត្តឥតបានការ និងឥតខ្លឹមសារមកប្រាប់នាងពួកគេពុំបានបង្ហាញអំពើអាក្រក់របស់នាងដើម្បីស្ដារស្រុករបស់នាងឡើងវិញឡើយផ្ទុយទៅវិញ ពួកគេនាំតែសុបិននិមិត្តឥតបានការមកបញ្ឆោតនាង។
15. អស់អ្នកដើរកាត់តាមនេះគេនឹងនាំគ្នាទះដៃ ហួច និងគ្រវីក្បាលចំអកឲ្យប្រជាជនក្រុងយេរូសាឡឹមទាំងពោលថា “នេះឬទីក្រុងដែលគេធ្លាប់តែសរសើរថាស្អាតបំផុត និងសប្បាយបំផុតនៅលើផែនដី?”។
16. ខ្មាំងសត្រូវទាំងប៉ុន្មាននឹងនាំគ្នាប្រមាថនាងពួកគេគ្រហឹម បញ្ចេញចង្កូម ទាំងពោលថា“យើងបានត្របាក់លេបវាហើយ!ថ្ងៃយើងទន្ទឹងរង់ចាំនោះមកដល់ហើយយើងបានឃើញផ្ទាល់នឹងភ្នែកហើយ!”
17. ព្រះអម្ចាស់សម្រេចតាមគម្រោងការរបស់ព្រះអង្គព្រះអង្គធ្វើតាមព្រះបន្ទូលដែលព្រះអង្គថ្លែងទុកតាំងពីយូរលង់ណាស់មកហើយព្រះអង្គបានកម្ទេចនាង ឥតត្រាប្រណីព្រះអង្គបានធ្វើឲ្យខ្មាំងសត្រូវអរសប្បាយដោយឃើញនាងបរាជ័យព្រះអង្គប្រទានកម្លាំងឲ្យបច្ចាមិត្តរបស់នាង។
18. កំពែងក្រុងស៊ីយ៉ូនអើយចូរស្រែកអង្វរព្រះអម្ចាស់យ៉ាងអស់ពីចិត្តចូរបង្ហូរទឹកភ្នែកឲ្យហូរដូចទឹកទន្លេចូរយំទាំងថ្ងៃ ទាំងយប់ឥតស្រាកស្រាន្តសោះឡើយ។
19. ចូរក្រោកឡើង!ចូរបន្លឺសំឡេងមួយយប់ទល់ភ្លឺ!ចូរថ្លែងទុក្ខព្រួយថ្វាយព្រះអម្ចាស់ដោយឥតលាក់លៀមអ្វីឡើយចូរលើកដៃអង្វរព្រះអង្គសូមទ្រង់ប្រណីសន្ដោសជីវិតក្មេងៗដែលដេកដួលនៅតាមផ្លូវ ព្រោះអត់ឃ្លាន។
20. ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គដាក់ទោសយើងខ្ញុំដល់ថ្នាក់នេះសូមទតមើលចុះ!ស្ត្រីៗនាំគ្នាស៊ីកូនដ៏ជាទីស្រឡាញ់របស់ខ្លួន!ពួកបូជាចារ្យ និងពួកព្យាការី ត្រូវគេសម្លាប់នៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។