9. ព្រះអង្គទតឃើញទុក្ខវេទនានៃបុព្វបុរសរបស់យើងខ្ញុំនៅស្រុកអេស៊ីបព្រះអង្គបានឮសម្រែករបស់ពួកគេនៅក្បែរសមុទ្រកក់។
10. ព្រះអង្គបានសម្តែងទីសម្គាល់និងឫទ្ធិបាដិហារិយ៍ផ្សេងៗប្រឆាំងនឹងស្ដេចផារ៉ោនព្រមទាំងមន្ត្រីទាំងអស់របស់ស្ដេចនិងប្រជាជននៅស្រុកអេស៊ីបទាំងមូលដ្បិតព្រះអង្គជ្រាបថា គេមានចិត្តកោងកាចធ្វើបាបបុព្វបុរសរបស់យើងខ្ញុំយ៉ាងណាខ្លះ។ព្រះអង្គបានធ្វើឲ្យព្រះនាមរបស់ព្រះអង្គល្បីល្បាញរហូតដល់សព្វថ្ងៃ។
11. ព្រះអង្គបានញែកទឹកសមុទ្រចេញពីគ្នានៅចំពោះមុខបុព្វបុរសរបស់យើងពួកគេដើរកាត់បាតសមុទ្រប៉ុន្តែ ព្រះអង្គបានទម្លាក់អស់អ្នកដែលដេញតាមពីក្រោយពួកគេ ទៅក្នុងទីជម្រៅដូចដុំថ្មដែលគេបោះទៅក្នុងមហាសាគរ។
12. នៅពេលថ្ងៃ ព្រះអង្គដឹកនាំពួកគេដោយដុំពពកនៅពេលយប់ ព្រះអង្គបំភ្លឺផ្លូវពួកគេដោយដុំភ្លើង។
13. ព្រះអង្គយាងចុះមកលើភ្នំស៊ីណៃព្រះអង្គមានព្រះបន្ទូលពីលើមេឃ មកពួកគេហើយប្រទានវិន័យដ៏ត្រឹមត្រូវ ក្រឹត្យវិន័យ*ដ៏ពិតព្រមទាំងច្បាប់ និងបទបញ្ជាផ្សេងៗមកឲ្យពួកគេ។
14. ព្រះអង្គប្រទានឲ្យពួកគេស្គាល់ថ្ងៃសប្ប័ទ*ដ៏វិសុទ្ធ*របស់ព្រះអង្គហើយប្រទានបទបញ្ជា ច្បាប់ ព្រមទាំងក្រឹត្យវិន័យ*មកពួកគេ តាមរយៈលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គ។
15. នៅពេលដែលពួកគេឃ្លាន ព្រះអង្គប្រទានអាហារពីលើមេឃមកឲ្យពួកគេនៅពេលដែលពួកគេស្រេកទឹកព្រះអង្គធ្វើឲ្យមានទឹកហូរចេញពីថ្មដា។ព្រះអង្គបញ្ជាពួកគេឲ្យចូលទៅកាន់កាប់ទឹកដីដែលព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រទានឲ្យពួកគេ។
16. ប៉ុន្តែ ដូនតារបស់យើងខ្ញុំមានអំនួតនិងមានចិត្តរឹងចចេសពុំព្រមស្ដាប់តាមបទបញ្ជារបស់ព្រះអង្គទេ។
17. ពួកគេបដិសេធមិនព្រមស្ដាប់បង្គាប់ហើយបំភ្លេចការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ ដើម្បីជួយពួកគេ។ពួកគេបានតាំងចិត្តរឹងចចេស ហើយបះបោរពួកគេបានតែងតាំងមេដឹកនាំម្នាក់ចង់វិលទៅរកទាសភាពវិញ។ប៉ុន្តែ ព្រះអង្គជាព្រះដែលតែងតែអត់ទោសព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរ និងប្រណីសន្ដោសព្រះអង្គមានព្រះហឫទ័យអត់ធ្មត់និងពោរពេញដោយព្រះហឫទ័យមេត្តាករុណាព្រះអង្គមិនបោះបង់ចោលពួកគេឡើយ។
18. ទោះបីពួកគេសិតរូបកូនគោមួយទាំងពោលថា “នេះនែ៎ ព្រះរបស់អ្នកដែលបាននាំអ្នកចេញមកពីស្រុកអេស៊ីប!”ហើយទោះបីពួកគេបានប្រមាថព្រះអង្គខ្លាំងយ៉ាងណាក្ដី
19. ក៏ព្រះអង្គពុំបានបោះបង់ចោលពួកគេនៅវាលរហោស្ថានឡើយព្រោះព្រះអង្គមានព្រះហឫទ័យអាណិតអាសូរពួកគេយ៉ាងខ្លាំង។នៅពេលថ្ងៃ ព្រះអង្គនៅតែដឹកនាំពួកគេដោយដុំពពកនៅពេលយប់ ព្រះអង្គនៅតែបំភ្លឺផ្លូវពួកគេដោយដុំភ្លើង។
20. ព្រះអង្គប្រទានព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ មកពួកគេដើម្បីឲ្យពួកគេចេះគិតពិចារណាព្រះអង្គប្រទាននំម៉ាណាឲ្យពួកគេបរិភោគព្រមទាំងប្រទានទឹកឲ្យពួកគេមិនដែលអាក់ខានឡើយ។
21. ក្នុងអំឡុងពេលសែសិបឆ្នាំព្រះអង្គបានផ្គត់ផ្គង់អ្វីៗទាំងអស់ដែលពួកគេត្រូវការនៅវាលរហោស្ថានពួកគេមិនដែលខ្វះខាតអ្វីឡើយសម្លៀកបំពាក់របស់ពួកគេមិនរេចរឹលហើយជើងរបស់ពួកគេក៏មិនហើមដែរ។
22. ព្រះអង្គបានប្រគល់ទឹកដីរបស់នគរនិងជាតិសាសន៍នានាដែលនៅជិតខាងមកឲ្យពួកគេកាន់កាប់។ពួកគេដណ្ដើមយកបានទឹកដីរបស់ព្រះបាទស៊ីហុនជាស្ដេចក្រុងហែសបូន និងទឹកដីរបស់ព្រះបាទអុកជាស្ដេចស្រុកបាសាន។
23. ព្រះអង្គបានធ្វើឲ្យកូនចៅរបស់ពួកគេកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃហើយព្រះអង្គនាំពួកគេចូលទៅចាប់យកទឹកដីដែលព្រះអង្គសន្យាដល់បុព្វបុរសរបស់ពួកគេថានឹងឲ្យពួកគេកាន់កាប់។