4. លោកយេសួរ លោកបានី លោកកាឌមាល លោកសេបានា លោកប៊ូននី លោកសេរេប៊ីយ៉ា លោកបានី និងលោកកេណានី នាំគ្នាឡើងទៅលើវេទិការបស់ក្រុមលេវី ហើយស្រែកទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ដោយបន្លឺសំឡេងយ៉ាងខ្លាំងៗ។
5. បន្ទាប់មក ក្រុមលេវី លោកយេសួរ លោកកាឌមាល លោកបានី លោកហាសាបនា លោកសេរេប៊ីយ៉ា លោកហូឌា លោកសេបានា និងលោកពេថាហ៊ីយ៉ា ពោលថា៖ «ចូរនាំគ្នាក្រោកឡើង លើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា តាំងពីអស់កល្បរៀងមក រហូតដល់អស់កល្បរៀងទៅ!»។«បពិត្រព្រះអម្ចាស់ យើងខ្ញុំសូមលើកតម្កើងព្រះនាមដ៏រុងរឿងរបស់ព្រះអង្គជាព្រះនាមប្រសើរលើសអ្វីៗទាំងអស់ដែលពុំអាចរកពាក្យមកថ្លែងដើម្បីលើកតម្កើង និងសរសើរបាន!
6. មានតែព្រះអង្គទេដែលជាព្រះអម្ចាស់ព្រះអង្គបានបង្កើតផ្ទៃមេឃព្រមទាំងផ្ទៃមេឃដ៏ខ្ពស់បំផុតនិងផ្កាយទាំងប៉ុន្មានដែលស្ថិតនៅលើមេឃព្រះអង្គក៏បានបង្កើតផែនដីនិងអ្វីៗទាំងអស់នៅលើផែនដីសមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ។ព្រះអង្គប្រទានជីវិតដល់អ្វីៗសព្វសារពើហ្វូងតារាទាំងអស់នៅលើមេឃនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ
7. ឱព្រះជាអម្ចាស់អើយ គឺព្រះអង្គហើយដែលបានជ្រើសរើសលោកអាប់រ៉ាមនិងនាំលោកចេញពីក្រុងអ៊ើរ នៅស្រុកខាល់ដេហើយព្រះអង្គប្រទាននាមលោកថាអប្រាហាំ។
8. ព្រះអង្គឈ្វេងយល់លោកមានចិត្តស្មោះត្រង់នឹងព្រះអង្គព្រះអង្គក៏បានចងសម្ពន្ធមេត្រីជាមួយលោកដើម្បីប្រគល់ទឹកដីរបស់ជនជាតិកាណានជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីតជនជាតិយេប៊ូស និងជនជាតិគើកាស៊ីឲ្យពូជពង្សរបស់លោក។ព្រះអង្គបានធ្វើតាមព្រះបន្ទូលសន្យាដ្បិតព្រះអង្គជាព្រះដ៏សុចរិត។
9. ព្រះអង្គទតឃើញទុក្ខវេទនានៃបុព្វបុរសរបស់យើងខ្ញុំនៅស្រុកអេស៊ីបព្រះអង្គបានឮសម្រែករបស់ពួកគេនៅក្បែរសមុទ្រកក់។
10. ព្រះអង្គបានសម្តែងទីសម្គាល់និងឫទ្ធិបាដិហារិយ៍ផ្សេងៗប្រឆាំងនឹងស្ដេចផារ៉ោនព្រមទាំងមន្ត្រីទាំងអស់របស់ស្ដេចនិងប្រជាជននៅស្រុកអេស៊ីបទាំងមូលដ្បិតព្រះអង្គជ្រាបថា គេមានចិត្តកោងកាចធ្វើបាបបុព្វបុរសរបស់យើងខ្ញុំយ៉ាងណាខ្លះ។ព្រះអង្គបានធ្វើឲ្យព្រះនាមរបស់ព្រះអង្គល្បីល្បាញរហូតដល់សព្វថ្ងៃ។
11. ព្រះអង្គបានញែកទឹកសមុទ្រចេញពីគ្នានៅចំពោះមុខបុព្វបុរសរបស់យើងពួកគេដើរកាត់បាតសមុទ្រប៉ុន្តែ ព្រះអង្គបានទម្លាក់អស់អ្នកដែលដេញតាមពីក្រោយពួកគេ ទៅក្នុងទីជម្រៅដូចដុំថ្មដែលគេបោះទៅក្នុងមហាសាគរ។