នេហេ‌មា 9:3-13 Khmer Standard Version (KHSV)

3. បន្ទាប់​មក ពួក​គេ​ក្រោក​ឈរ​ឡើង​តាម​កន្លែង​រៀងៗ​ខ្លួន ហើយ​ស្ដាប់​គម្ពីរ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពួក​គេ ក្នុង​អំឡុង​ពេល​បី​ម៉ោង រួច​បី​ម៉ោង​ទៀត ពួក​គេ​សារភាព​អំពើ​បាប និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។

4. លោក​យេសួរ លោក​បានី លោក​កាឌ‌មាល លោក​សេបា‌នា លោក​ប៊ូននី លោក​សេរេ‌ប៊ីយ៉ា លោក​បានី និង​លោក​កេណា‌នី នាំ​គ្នា​ឡើង​ទៅ​លើ​វេទិកា​របស់​ក្រុម​លេវី ហើយ​ស្រែក​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ។

5. បន្ទាប់​មក ក្រុម​លេវី លោក​យេសួរ លោក​កាឌ‌មាល លោក​បានី លោក​ហាសាប‌នា លោក​សេរេ‌ប៊ីយ៉ា លោក​ហូឌា លោក​សេបា‌នា និង​លោក​ពេថា‌ហ៊ីយ៉ា ពោល​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា តាំង​ពី​អស់‌កល្ប​រៀង​មក រហូត​ដល់​អស់‌កល្ប​រៀង​ទៅ!»។«បពិត្រ​ព្រះ‌អម្ចាស់ យើង​ខ្ញុំ​សូម​លើក​តម្កើងព្រះ‌នាម​ដ៏​រុងរឿង​របស់​ព្រះ‌អង្គជា​ព្រះ‌នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់ដែល​ពុំ​អាច​រក​ពាក្យ​មក​ថ្លែងដើម្បី​លើក​តម្កើង និង​សរសើរ​បាន!

6. មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​ជា​ព្រះ‌អម្ចាស់ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃព្រម​ទាំង​ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុតនិង​ផ្កាយ​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​លើ​មេឃព្រះ‌អង្គ​ក៏​បាន​បង្កើត​ផែនដីនិង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដីសមុទ្រ និង​អ្វីៗ​នៅ​ក្នុង​សមុទ្រ។ព្រះ‌អង្គ​ប្រទាន​ជីវិត​ដល់​អ្វីៗ​សព្វ​សារពើហ្វូង‌តារា​ទាំង​អស់​នៅ​លើ​មេឃនាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ

7. ឱ​ព្រះ‌ជា‌អម្ចាស់​អើយ គឺ​ព្រះ‌អង្គ​ហើយដែល​បាន​ជ្រើស​រើស​លោក​អាប់រ៉ាមនិង​នាំ​លោក​ចេញ​ពី​ក្រុង​អ៊ើរ នៅ​ស្រុក​ខាល់ដេហើយ​ព្រះ‌អង្គ​ប្រទាន​នាម​លោក​ថា​អប្រាហាំ។

8. ព្រះ‌អង្គ​ឈ្វេង​យល់​លោក​មានចិត្ត​ស្មោះ​ត្រង់​នឹង​ព្រះ‌អង្គព្រះ‌អង្គ​ក៏​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​លោកដើម្បី​ប្រគល់​ទឹក​ដី​របស់​ជន‌ជាតិ​កាណានជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីតជន‌ជាតិ​យេប៊ូស និង​ជន‌ជាតិ​គើកា‌ស៊ីឲ្យ​ពូជ‌ពង្ស​របស់​លោក។ព្រះ‌អង្គ​បាន​ធ្វើ​តាម​ព្រះ‌បន្ទូល​សន្យាដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដ៏​សុចរិត។

9. ព្រះ‌អង្គ​ទត​ឃើញ​ទុក្ខ​វេទនា​នៃ​បុព្វបុរសរបស់​យើង​ខ្ញុំ​នៅ​ស្រុក​អេស៊ីបព្រះ‌អង្គ​បាន​ឮ​សម្រែក​របស់​ពួក​គេនៅ​ក្បែរ​សមុទ្រ​កក់។

10. ព្រះ‌អង្គ​បាន​សម្តែង​ទី​សម្គាល់និង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗប្រឆាំង​នឹង​ស្ដេច​ផារ៉ោនព្រម​ទាំង​មន្ត្រី​ទាំង​អស់​របស់​ស្ដេចនិង​ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​ទាំង​មូលដ្បិត​ព្រះ‌អង្គ​ជ្រាប​ថា គេ​មាន​ចិត្ត​កោង​កាចធ្វើ​បាប​បុព្វបុរស​របស់​យើង​ខ្ញុំ​យ៉ាង​ណា​ខ្លះ។ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ព្រះ‌នាម​របស់​ព្រះ‌អង្គល្បី‌ល្បាញ​រហូត​ដល់​សព្វ​ថ្ងៃ។

11. ព្រះ‌អង្គ​បាន​ញែក​ទឹក​សមុទ្រ​ចេញ​ពី​គ្នានៅ​ចំពោះ​មុខ​បុព្វបុរស​របស់​យើងពួក​គេ​ដើរ​កាត់​បាត​សមុទ្រប៉ុន្តែ ព្រះ‌អង្គ​បាន​ទម្លាក់​អស់​អ្នក​ដែលដេញ​តាម​ពី​ក្រោយ​ពួក​គេ ទៅ​ក្នុង​ទី​ជម្រៅដូច​ដុំ​ថ្ម​ដែល​គេ​បោះ​ទៅ​ក្នុង​មហា‌សាគរ។

12. នៅ​ពេល​ថ្ងៃ ព្រះ‌អង្គ​ដឹក​នាំ​ពួក​គេដោយ​ដុំ​ពពកនៅ​ពេល​យប់ ព្រះ‌អង្គ​បំភ្លឺ​ផ្លូវ​ពួក​គេដោយ​ដុំ​ភ្លើង។

13. ព្រះ‌អង្គ​យាង​ចុះ​មក​លើ​ភ្នំ​ស៊ីណៃព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​លើ​មេឃ មក​ពួក​គេហើយ​ប្រទាន​វិន័យ​ដ៏​ត្រឹម​ត្រូវ ក្រឹត្យ‌វិន័យ*​ដ៏​ពិតព្រម​ទាំង​ច្បាប់ និង​បទ‌បញ្ជា​ផ្សេងៗមក​ឲ្យ​ពួក​គេ។

នេហេ‌មា 9