21. ក្នុងអំឡុងពេលសែសិបឆ្នាំព្រះអង្គបានផ្គត់ផ្គង់អ្វីៗទាំងអស់ដែលពួកគេត្រូវការនៅវាលរហោស្ថានពួកគេមិនដែលខ្វះខាតអ្វីឡើយសម្លៀកបំពាក់របស់ពួកគេមិនរេចរឹលហើយជើងរបស់ពួកគេក៏មិនហើមដែរ។
22. ព្រះអង្គបានប្រគល់ទឹកដីរបស់នគរនិងជាតិសាសន៍នានាដែលនៅជិតខាងមកឲ្យពួកគេកាន់កាប់។ពួកគេដណ្ដើមយកបានទឹកដីរបស់ព្រះបាទស៊ីហុនជាស្ដេចក្រុងហែសបូន និងទឹកដីរបស់ព្រះបាទអុកជាស្ដេចស្រុកបាសាន។
23. ព្រះអង្គបានធ្វើឲ្យកូនចៅរបស់ពួកគេកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃហើយព្រះអង្គនាំពួកគេចូលទៅចាប់យកទឹកដីដែលព្រះអង្គសន្យាដល់បុព្វបុរសរបស់ពួកគេថានឹងឲ្យពួកគេកាន់កាប់។
24. កូនចៅរបស់ពួកគេក៏ចូលទៅកាន់កាប់ទឹកដីព្រះអង្គបានបង្ក្រាបជនជាតិកាណានជាអ្នកស្រុកនោះ នៅមុខពួកគេព្រះអង្គបានប្រគល់ជនជាតិនោះ ទាំងស្ដេចទាំងប្រជាជន មកក្នុងកណ្ដាប់ដៃរបស់ពួកគេដើម្បីឲ្យពួកគេប្រព្រឹត្តតាមអំពើចិត្ត។
25. ពួកគេដណ្ដើមយកក្រុង ដែលមានកំពែងរឹងមាំនិងទឹកដីដែលមានជីជាតិល្អ។ពួកគេចាប់យកបានផ្ទះដែលមានពេញដោយទ្រព្យសម្បត្តិគ្រប់យ៉ាងព្រមទាំងអណ្ដូងទឹក ចម្ការទំពាំងបាយជូរចម្ការអូលីវ និងដើមឈើស៊ីផ្លែគ្រប់មុខយ៉ាងច្រើនបរិបូណ៌។ពួកគេបរិភោគឆ្អែត មានសាច់មានឈាមហើយរស់នៅយ៉ាងសប្បាយដោយសារព្រះហឫទ័យសប្បុរសដ៏ធំធេងរបស់ព្រះអង្គ។
26. ប៉ុន្តែ ក្រោយមក ពួកគេបានលើកគ្នាបះបោរប្រឆាំងនឹងព្រះអង្គពួកគេបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះអង្គហើយសម្លាប់ពួកព្យាការីដែលដាស់តឿនពួកគេឲ្យបែរចិត្តមករកព្រះអង្គវិញពួកគេនាំគ្នាប្រមាថព្រះអង្គយ៉ាងខ្លាំង។
27. ពេលនោះ ព្រះអង្គក៏ប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់បច្ចាមិត្តហើយបច្ចាមិត្តជិះជាន់សង្កត់សង្កិនពួកគេ។ពេលមានអាសន្ន ពួកគេស្រែកអង្វរព្រះអង្គព្រះអង្គស្ដាប់ពួកគេពីស្ថានបរមសុខ*ហើយអាណិតអាសូរពួកគេយ៉ាងខ្លាំងព្រះអង្គប្រទានអ្នករំដោះមកសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត។
28. ពេលបានសុខក្សេមក្សាន្តពួកគេចាប់ផ្ដើមប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហឫទ័យព្រះអង្គសាជាថ្មីព្រះអង្គក៏បោះបង់ចោលពួកគេឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវខ្មាំងសត្រូវក៏ជិះជាន់សង្កត់សង្កិនពួកគេ។ពេលនោះ ពួកគេស្រែកអង្វរព្រះអង្គសាជាថ្មីព្រះអង្គស្ដាប់ពួកគេពីស្ថានបរមសុខព្រះអង្គអាណិតអាសូរពួកគេយ៉ាងខ្លាំងហើយព្រះអង្គសង្គ្រោះពួកគេជាច្រើនលើកច្រើនសា។