9. ពេលប្រជាជនទាំងមូលឮព្រះបន្ទូល ដែលមាននៅក្នុងក្រឹត្យវិន័យ ពួកគេនាំគ្នាយំ។ ដូច្នេះ លោកទេសាភិបាលនេហេមា លោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យ និងក្រុមលេវី ដែលមាននាទីបកស្រាយក្រឹត្យវិន័យ ពោលទៅកាន់ប្រជាជនទាំងមូលថា៖ «ថ្ងៃនេះជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺមិនមែនជាពេលដែលត្រូវកាន់ទុក្ខ ឬសោកសង្រេងឡើយ!»។
10. លោកអែសរ៉ាមានប្រសាសន៍ទៀតថា៖ «ចូរនាំគ្នាត្រឡប់ទៅពិសាសាច់ និងស្រាដ៏ឆ្ងាញ់ៗ ហើយយកមួយចំណែកឲ្យអស់អ្នកដែលមិនទាន់រៀបចំបរិភោគនោះផង ដ្បិតថ្ងៃនេះជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់នៃយើង មិនត្រូវកើតទុក្ខព្រួយឡើយ ព្រោះអំណរដែលមកពីព្រះអម្ចាស់ ជាកម្លាំងរបស់អ្នករាល់គ្នា»។
11. ក្រុមលេវីក៏លួងលោមប្រជាជន ដោយពោលថា៖ «សូមបងប្អូនឈប់យំទៅ ដ្បិតថ្ងៃនេះជាថ្ងៃដ៏វិសុទ្ធ គឺមិនត្រូវកើតទុក្ខឡើយ!»។
12. ប្រជាជនទាំងអស់នាំគ្នាចេញទៅបរិភោគអាហារ និងស្រា ហើយយកមួយចំណែកឲ្យអស់អ្នកដែលគ្មាន។ ពួកគេសប្បាយរីករាយយ៉ាងខ្លាំង ព្រោះតែបានយល់ព្រះបន្ទូលដែលគេបកស្រាយឲ្យស្ដាប់។
13. នៅថ្ងៃទីពីរ មេដឹកនាំក្រុមគ្រួសាររបស់ប្រជាជនទាំងអស់ ព្រមទាំងក្រុមបូជាចារ្យ និងក្រុមលេវីជួបជុំគ្នានៅជុំវិញលោកអែសរ៉ាជាបណ្ឌិតខាងវិន័យ ដើម្បីរិះគិតអំពីព្រះបន្ទូលដែលមានចែងទុកក្នុងក្រឹត្យវិន័យ។
14. ពួកគេឃើញក្នុងក្រឹត្យវិន័យដែលព្រះអម្ចាស់ប្រទានមកតាមរយៈលោកម៉ូសេមានចែងថា នៅក្នុងឱកាសពិធីបុណ្យខែទីប្រាំពីរ ជនជាតិអ៊ីស្រាអែលត្រូវរស់នៅក្នុងបារាំ*។
15. ពួកគេត្រូវប្រាប់ដំណឹងនេះឲ្យប្រជាជនទាំងអស់ដឹងនៅតាមក្រុងនានា និងនៅក្រុងយេរូសាឡឹម គឺពួកគេប្រកាសថា “ចូរនាំគ្នាទៅតាមភ្នំ ហើយកាច់មែកអូលីវស្រុក អូលីវព្រៃ មែកចាក មែកទន្សែ និងមែកឈើឯទៀតៗដែលមានស្លឹកច្រើន យកមកសង់បារាំដូចមានចែងទុក”។