6. សំបុត្រនោះមានសេចក្ដីដូចតទៅ៖ «មានលេចឮដំណឹងក្នុងចំណោមប្រជាជាតិនានាថា លោក និងជនជាតិយូដាមានបំណងបះបោរ ហេតុនេះហើយបានជាលោកសង់កំពែងក្រុងនេះឡើង។ លោកកេសែមបានបញ្ជាក់អំពីដំណឹងនេះដែរ។ គេថាលោកចង់ឡើងធ្វើជាស្ដេចរបស់គេ។
7. លោកក៏បានតែងតាំងពួកព្យាការីឲ្យប្រកាសនៅក្រុងយេរូសាឡឹម ស្ដីអំពីរូបលោកថា មានស្ដេចមួយអង្គនៅស្រុកយូដាហើយ! ដំណឹងបែបនេះមុខជាលេចឮទៅដល់ព្រះចៅអធិរាជមិនខាន។ ដូច្នេះ សូមអញ្ជើញមក យើងនឹងពិភាក្សាគ្នា»។
8. ខ្ញុំផ្ញើចម្លើយទៅគាត់វិញថា៖ «ពាក្យចចាមអារ៉ាមដែលលោករៀបរាប់នេះ មិនពិតទាល់តែសោះ គឺលោកទេតើដែលប្រឌិតរឿងទាំងនេះ!»។
9. អ្នកទាំងនោះមានបំណងបំភ័យពួកយើង ដោយគិតថាពួកយើងមុខជាបាក់ទឹកចិត្ត លែងធ្វើការតទៅមុខទៀត។ឱព្រះអម្ចាស់អើយ សូមប្រទានកម្លាំងឲ្យទូលបង្គំឥឡូវនេះផង!
10. ខ្ញុំទៅផ្ទះលោកសេម៉ាយ៉ា ជាកូនរបស់លោកដេឡាយ៉ា និងជាចៅរបស់លោកមហេថាបែល ដ្បិតគាត់ពុំអាចចេញពីផ្ទះបានទេ។ គាត់ប្រាប់ខ្ញុំថា៖ «ចូរយើងទៅព្រះដំណាក់របស់ព្រះជាម្ចាស់ជាមួយគ្នា រួចចូលទៅខាងក្នុងទីសក្ការៈ និងបិទទ្វារយ៉ាងជិត ដ្បិតពួកគេនាំគ្នាមករកសម្លាប់លោក នៅពេលយប់»។
11. ខ្ញុំឆ្លើយវិញថា៖ «មនុស្សដូចខ្ញុំនេះមិនចេះរត់គេចខ្លួនទេ! មួយវិញទៀត មនុស្សដូចខ្ញុំនេះមិនអាចចូលទៅក្នុងទីសក្ការៈ ហើយនៅរស់បានទៀតទេ។ ខ្ញុំមិនចូលទៅក្នុងព្រះវិហារឡើយ»។
12. ខ្ញុំយល់ឃើញថា ព្រះជាម្ចាស់មិនបានចាត់គាត់ ឲ្យនាំពាក្យនេះមកថ្លែងប្រាប់ខ្ញុំទេ។ គាត់ពោលដូច្នេះ មកពីលោកសាន់បាឡាត់ និងលោកថូប៊ីយ៉ា សូកគាត់។
13. ពួកគេសូកគាត់មកពីគេសង្ឃឹមថា ខ្ញុំនឹងភ័យខ្លាច ហើយធ្វើតាមយោបល់របស់គាត់ ជាហេតុនាំឲ្យខ្ញុំប្រព្រឹត្តអំពើបាប រួចគេនឹងយករឿងនេះទៅបរិហារ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ។
14. «ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីអំពើដែលលោកថូប៊ីយ៉ា និងលោកសាន់បាឡាត់បានប្រព្រឹត្ត ហើយសូមនឹកចាំពីព្យាការិនីណូអាឌា និងព្យាការីឯទៀតៗ ដែលចង់បំភ័យទូលបង្គំដែរ»។
15. កំពែងក្រុងត្រូវបានជួសជុលចប់សព្វគ្រប់ នៅថ្ងៃទីម្ភៃប្រាំ ខែភទ្របទ គឺអស់រយៈពេលហាសិបពីរថ្ងៃ។