1. នៅពេលនោះ មានប្រជាជនយូដាទាំងប្រុស ទាំងស្រី នាំគ្នារអ៊ូរទាំទាស់នឹងបងប្អូនរួមជាតិរបស់ខ្លួនមួយចំនួន។
2. អ្នកខ្លះពោលថា៖ «យើងខ្ញុំ និងកូនប្រុស កូនស្រីរបស់យើងខ្ញុំមានគ្នាច្រើនណាស់ យើងខ្ញុំចង់បានស្រូវមកទទួលទាន ដើម្បីចិញ្ចឹមជីវិត»។
3. អ្នកខ្លះពោលថា៖ «នៅពេលអត់ឃ្លាន យើងខ្ញុំបញ្ចាំដីស្រែចម្ការទំពាំងបាយជូរ និងផ្ទះសំបែង»។
4. អ្នកខ្លះទៀតពោលថា៖ «យើងខ្ញុំបានបញ្ចាំស្រែ និងចម្ការទំពាំងបាយជូរ ដើម្បីយកប្រាក់ទៅបង់ពន្ធថ្វាយស្ដេច។
5. សាច់ឈាមរបស់យើងខ្ញុំមិនខុសពីសាច់ឈាមបងប្អូនរបស់យើងខ្ញុំទេ កូនប្រុសរបស់យើងខ្ញុំក៏មិនខុសពីកូនប្រុសរបស់គេដែរ ប៉ុន្តែ យើងខ្ញុំបង្ខំចិត្តឲ្យកូនប្រុសកូនស្រីរបស់យើងខ្ញុំ ទៅធ្វើជាខ្ញុំបម្រើគេ។ កូនស្រីរបស់យើងខ្ញុំជាច្រើននាក់លក់ខ្លួនទៅឲ្យគេ ព្រោះយើងខ្ញុំទាល់ច្រក។ រីឯដីស្រែ និងចម្ការទំពាំងបាយជូររបស់យើងខ្ញុំ ក៏ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ម្ចាស់បំណុលដែរ»។
6. ពេលខ្ញុំឮពាក្យរអ៊ូរទាំរបស់អ្នកទាំងនេះ ខ្ញុំក្ដៅក្រហាយជាខ្លាំង។
7. ខ្ញុំក៏សម្រេចចិត្តស្ដីបន្ទោសពួកអភិជន និងពួកអ្នកគ្រប់គ្រង។ ខ្ញុំពោលទៅពួកគេថា៖ «អស់លោកឲ្យប្រាក់បងប្អូនរួមជាតិខ្ចី ដោយយកការយ៉ាងធ្ងន់បែបនេះឬ!»។ ខ្ញុំបានកោះហៅពួកគេឲ្យមកជួបជុំគ្នា ជាអង្គប្រជុំមួយយ៉ាងធំ។
8. ខ្ញុំពោលទៅកាន់ពួកគេថា៖ «យើងតែងតែរកគ្រប់មធ្យោបាយ ដើម្បីលោះជនរួមជាតិរបស់យើង ដែលត្រូវគេលក់ទៅឲ្យសាសន៍ដទៃ។ ចំណែកឯអស់លោកវិញ អស់លោកបែរជាយកបងប្អូនរួមជាតិរបស់ខ្លួនទៅលក់ឲ្យជនជាតិយូដាដូចគ្នា!»។ ពួកគេនៅស្ងៀមទាំងអស់គ្នា រកពាក្យឆ្លើយមិនបានឡើយ។
9. ខ្ញុំក៏ពោលទៀតថា៖ «អស់លោកប្រព្រឹត្តបែបនេះមិនល្អទេ! អស់លោកគួរតែរស់នៅដោយគោរពកោតខ្លាចព្រះជាម្ចាស់នៃយើង ដើម្បីកុំឲ្យសាសន៍ដទៃ ដែលជាខ្មាំងសត្រូវរបស់យើងប្រមាថមាក់ងាយយើងបាន។