12. នៅក្បែរពួកគេមានលោកសាលូម ជាកូនរបស់លោកហាឡូហេស និងជាអភិបាលក្រុងយេរូសាឡឹមមួយចំហៀងទៀត ធ្វើការជាមួយកូនស្រីៗរបស់គាត់។
13. លោកហានូន និងអ្នកស្រុកសាណូអា នាំគ្នាជួសជុលទ្វារជ្រលងភ្នំ។ ពួកគេសង់ខ្លោងទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ លើសពីនោះ ពួកគេបានសង់កំពែងក្រុងប្រវែងមួយពាន់ហត្ថ រហូតដល់ទ្វារសំរាម។
14. លោកម៉ាល់គាជាកូនរបស់លោករេកាប និងជាចៅហ្វាយស្រុកបេតហាកេរែម ជាអ្នកជួសជុលទ្វារសំរាម។ គាត់បានសង់ខ្លោងទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។
15. លោកសាលូន ជាកូនរបស់លោកកុល-ហូសេ និងជាចៅហ្វាយស្រុកមីសប៉ា ជួសជុលទ្វារប្រភពទឹក។ គាត់បានសង់ខ្លោងទ្វារ ហើយប្រក់ដំបូល ដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ លើសពីនោះ គាត់បានជួសជុលកំពែងស្រះស៊ីឡោម ដែលនៅក្បែរឧទ្យានហ្លួង រហូតដល់ជណ្ដើរចុះមកពីបុរីព្រះបាទដាវីឌ។
16. បន្ទាប់ពីគាត់ មានលោកនេហេមា ជាកូនរបស់លោកអាសប៊ូក និងជាចៅសង្កាត់បេត-ស៊ើរ មួយចំហៀង គាត់ជួសជុលរហូតដល់ខាងមុខផ្នូររបស់ព្រះបាទដាវីឌ និងរហូតដល់ស្រះ ព្រមទាំងបន្ទាយរបស់ពួកវីរជន។
17. បន្ទាប់មក មានក្រុមលេវីធ្វើការនៅក្បែរគាត់ គឺមានលោករេហ៊ូមជាកូនរបស់លោកបានី និងលោកហាសាបយ៉ា ជាចៅសង្កាត់កៃឡាមួយចំហៀង ដែលធ្វើការក្នុងនាមសង្កាត់របស់គាត់។
18. បន្ទាប់មក មានបងប្អូនរបស់ពួកគេ គឺលោកបាវ៉ាយជាកូនរបស់លោកហេណាដាដ និងជាចៅសង្កាត់កៃឡាមួយចំហៀងទៀត។
19. បន្ទាប់មក លោកអេស៊ើរជាកូនរបស់លោកយេសួរ និងជាចៅហ្វាយក្រុងមីសប៉ា ជួសជុលផ្នែកមួយទៀត ដែលនៅទល់មុខផ្លូវឡើងទៅឃ្លាំងសស្ត្រាវុធត្រង់មុមកំពែង។
20. បន្ទាប់ពីគាត់មានលោកបារូក ជាកូនរបស់លោកសាប់បាយ ខំប្រឹងជួសជុលមួយផ្នែកទៀត គឺចាប់តាំងពីមុមកំពែង រហូតដល់មាត់ទ្វារផ្ទះរបស់លោកមហាបូជាចារ្យអេលីយ៉ាស៊ីប។
21. បន្ទាប់មក មានលោកម្រេម៉ូតជាកូនរបស់លោកអ៊ូរីយ៉ា និងជាចៅរបស់លោកហាកូស ជួសជុល មួយផ្នែកទៀត ចាប់ពីមាត់ទ្វារផ្ទះរបស់លោកអេលីយ៉ាស៊ីប រហូតដល់កៀនរបងផ្ទះ។
22. បន្ទាប់មក ពួកបូជាចារ្យដែលរស់នៅតាមតំបន់ជុំវិញក្រុងយេរូសាឡឹម នាំគ្នាជួសជុលនៅក្បែរគាត់។
23. បន្ទាប់មក មានលោកបេនយ៉ាមីន និងលោកហាស៊ូប ជួសជុលផ្នែកដែលនៅខាងមុខផ្ទះរបស់ពួកគេ។ បន្ទាប់មក មានលោកអសារា ជាកូនរបស់លោកម៉ាសេយ៉ា និងជាចៅរបស់លោកអណានា ជួសជុលនៅក្បែរផ្ទះរបស់គាត់។