9. ខ្ញុំបានទៅជួបអស់លោកទេសាភិបាលអាណាខេត្តនានា ដែលនៅខាងលិចទន្លេអឺប្រាត ហើយប្រគល់សាររបស់ព្រះចៅអធិរាជជូនពួកលោក។ ព្រះចៅអធិរាជបានចាត់នាយទាហាន និងកងពលសេះ ឲ្យជូនដំណើរខ្ញុំដែរ។
10. ពេលលោកសាន់បាឡាត់ ជាអ្នកស្រុកហូរ៉ូណែម និងលោកថូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូន ដឹងដំណឹងនេះ ពួកគេមិនសប្បាយចិត្តទេ ព្រោះឃើញមនុស្សម្នាក់មករកផលប្រយោជន៍ឲ្យជនជាតិអ៊ីស្រាអែល។
11. ខ្ញុំបានទៅដល់ក្រុងយេរូសាឡឹម ហើយស្នាក់នៅទីនោះចំនួនបីថ្ងៃ។
12. បន្ទាប់មក ខ្ញុំក្រោកនៅពេលយប់ ហើយនាំអ្នកខ្លះទៅជាមួយ តែខ្ញុំពុំបានប្រាប់ឲ្យនរណាដឹងអំពីគម្រោងការ ដែលព្រះរបស់ខ្ញុំបណ្ដាលចិត្តខ្ញុំ ឲ្យគិតគូរធ្វើចំពោះក្រុងយេរូសាឡឹមឡើយ។ ក្រៅពីសត្វលាដែលខ្ញុំជិះ គ្មានសត្វណាផ្សេងទៀតនៅជាមួយខ្ញុំទេ។
13. នៅពេលយប់ ខ្ញុំចាកចេញពីក្រុង តាមទ្វារជ្រលងភ្នំ តម្រង់ទៅប្រភពទឹកនាគរាជ និងទ្វារសំរាម។ ខ្ញុំពិនិត្យមើលកំពែងក្រុងយេរូសាឡឹម ត្រង់កន្លែងបាក់បែក ព្រមទាំងទ្វារក្រុងដែលត្រូវភ្លើងឆេះ។
14. ខ្ញុំបានទៅជិតទ្វារប្រភពទឹក និងស្រះហ្លួង ប៉ុន្តែ គ្មានច្រកអាចឲ្យសត្វដែលខ្ញុំជិះនោះ ដើរទៅមុខទៀតបានឡើយ។