5. រួចខ្ញុំទូលស្ដេចវិញថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ ហើយបើព្រះអង្គប្រណីសន្ដោសដល់ទូលបង្គំមែននោះ សូមចាត់ទូលបង្គំឲ្យទៅស្រុកយូដា គឺទៅក្រុងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ ដើម្បីសង់ក្រុងនោះឡើងវិញផង»។
6. ព្រះរាជាដោយមានព្រះមហេសីគង់នៅក្បែរផង សួរខ្ញុំទៀតថា៖ «តើលោកត្រូវការរយៈពេលប៉ុន្មាន ដើម្បីធ្វើដំណើរទៅ ហើយអង្កាល់ទើបលោកត្រឡប់មកវិញ?»។ ខ្ញុំទូលព្រះចៅអធិរាជពីពេលវេលាដែលខ្ញុំត្រូវត្រឡប់មកវិញ ហើយស្ដេចក៏យល់ព្រមឲ្យខ្ញុំចេញដំណើរ។
7. បន្ទាប់មក ខ្ញុំទូលព្រះចៅអធិរាជទៀតថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមប្រទានរាជសារឲ្យទូលបង្គំយកទៅជូនអស់លោកទេសាភិបាលអាណាខេត្តនានា ដែលនៅខាងលិចទន្លេអឺប្រាត ដើម្បីអនុញ្ញាតឲ្យទូលបង្គំធ្វើដំណើរ រហូតដល់ស្រុកយូដា
8. ហើយរាជសារមួយទៀតជូនលោកអេសាភ ដែលជាមេព្រៃរបស់ព្រះករុណា ដើម្បីឲ្យគាត់ផ្ដល់ឈើមកទូលបង្គំ សង់ខ្លោងទ្វារបន្ទាយដែលនៅក្បែរព្រះដំណាក់ និងសង់កំពែងក្រុង ព្រមទាំងសង់ផ្ទះដែលទូលបង្គំត្រូវស្នាក់នៅ»។ព្រះចៅអធិរាជប្រទានរាជសារតាមសំណូមពររបស់ខ្ញុំ ដ្បិតព្រះដ៏សប្បុរសរបស់ខ្ញុំបានដាក់ព្រះហស្ដលើខ្ញុំ។
9. ខ្ញុំបានទៅជួបអស់លោកទេសាភិបាលអាណាខេត្តនានា ដែលនៅខាងលិចទន្លេអឺប្រាត ហើយប្រគល់សាររបស់ព្រះចៅអធិរាជជូនពួកលោក។ ព្រះចៅអធិរាជបានចាត់នាយទាហាន និងកងពលសេះ ឲ្យជូនដំណើរខ្ញុំដែរ។
10. ពេលលោកសាន់បាឡាត់ ជាអ្នកស្រុកហូរ៉ូណែម និងលោកថូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូន ដឹងដំណឹងនេះ ពួកគេមិនសប្បាយចិត្តទេ ព្រោះឃើញមនុស្សម្នាក់មករកផលប្រយោជន៍ឲ្យជនជាតិអ៊ីស្រាអែល។
11. ខ្ញុំបានទៅដល់ក្រុងយេរូសាឡឹម ហើយស្នាក់នៅទីនោះចំនួនបីថ្ងៃ។
12. បន្ទាប់មក ខ្ញុំក្រោកនៅពេលយប់ ហើយនាំអ្នកខ្លះទៅជាមួយ តែខ្ញុំពុំបានប្រាប់ឲ្យនរណាដឹងអំពីគម្រោងការ ដែលព្រះរបស់ខ្ញុំបណ្ដាលចិត្តខ្ញុំ ឲ្យគិតគូរធ្វើចំពោះក្រុងយេរូសាឡឹមឡើយ។ ក្រៅពីសត្វលាដែលខ្ញុំជិះ គ្មានសត្វណាផ្សេងទៀតនៅជាមួយខ្ញុំទេ។
13. នៅពេលយប់ ខ្ញុំចាកចេញពីក្រុង តាមទ្វារជ្រលងភ្នំ តម្រង់ទៅប្រភពទឹកនាគរាជ និងទ្វារសំរាម។ ខ្ញុំពិនិត្យមើលកំពែងក្រុងយេរូសាឡឹម ត្រង់កន្លែងបាក់បែក ព្រមទាំងទ្វារក្រុងដែលត្រូវភ្លើងឆេះ។