12. បន្ទាប់មក ខ្ញុំក្រោកនៅពេលយប់ ហើយនាំអ្នកខ្លះទៅជាមួយ តែខ្ញុំពុំបានប្រាប់ឲ្យនរណាដឹងអំពីគម្រោងការ ដែលព្រះរបស់ខ្ញុំបណ្ដាលចិត្តខ្ញុំ ឲ្យគិតគូរធ្វើចំពោះក្រុងយេរូសាឡឹមឡើយ។ ក្រៅពីសត្វលាដែលខ្ញុំជិះ គ្មានសត្វណាផ្សេងទៀតនៅជាមួយខ្ញុំទេ។
13. នៅពេលយប់ ខ្ញុំចាកចេញពីក្រុង តាមទ្វារជ្រលងភ្នំ តម្រង់ទៅប្រភពទឹកនាគរាជ និងទ្វារសំរាម។ ខ្ញុំពិនិត្យមើលកំពែងក្រុងយេរូសាឡឹម ត្រង់កន្លែងបាក់បែក ព្រមទាំងទ្វារក្រុងដែលត្រូវភ្លើងឆេះ។
14. ខ្ញុំបានទៅជិតទ្វារប្រភពទឹក និងស្រះហ្លួង ប៉ុន្តែ គ្មានច្រកអាចឲ្យសត្វដែលខ្ញុំជិះនោះ ដើរទៅមុខទៀតបានឡើយ។
15. ដូច្នេះ ខ្ញុំក៏ឡើងតាមជ្រោះទៅ ទាំងយប់ ដើម្បីពិនិត្យមើលកំពែងក្រុង រួចខ្ញុំវិលត្រឡប់មកវិញ ដោយចូលតាមទ្វារជ្រលងភ្នំ។
16. ពួកអ្នកគ្រប់គ្រងក្រុងពុំបានដឹងថា ខ្ញុំទៅទីណា ហើយខ្ញុំធ្វើអ្វីទេ។ មកទល់ពេលនេះ ខ្ញុំពុំបានប្រាប់ប្រជាជនយូដាពួកបូជាចារ្យ ពួកអភិជន ពួកអ្នកគ្រប់គ្រង ឬមេជាងសំណង់ឯទៀតៗ ឲ្យដឹងពីគម្រោងការរបស់ខ្ញុំឡើយ។
17. បន្ទាប់មក ខ្ញុំពោលទៅពួកគេថា៖ «បងប្អូនជ្រាបស្រាប់ហើយ ពួកយើងរងទុក្ខវេទនាដល់កម្រិតណា ក្រុងយេរូសាឡឹមត្រូវគេបំផ្លាញចោល ហើយទ្វារក្រុងក៏ត្រូវភ្លើងឆេះអស់ដែរ! ដូច្នេះ ចូរនាំគ្នាមក យើងសង់ក្រុងយេរូសាឡឹមឡើងវិញ ដើម្បីកុំឲ្យយើងបាក់មុខទៀត!»។
18. ពេលនោះ ខ្ញុំបានរៀបរាប់ឲ្យពួកគេដឹងថាព្រះដ៏សប្បុរសរបស់ខ្ញុំដាក់ព្រះហស្ដលើខ្ញុំ ហើយព្រះចៅអធិរាជបានថ្លែងមកខ្ញុំដូចម្ដេចខ្លះ។ ពួកគេក៏ពោលឡើងថា៖ «ចូរយើងក្រោកឡើង ហើយនាំគ្នាសង់!»។ ដូច្នេះ ពួកគេក៏មានទឹកចិត្តក្លាហានបំពេញកិច្ចការដ៏ល្អប្រសើរនេះ។
19. លោកសាន់បាឡាត់ជាអ្នកស្រុកហូរ៉ូណែម លោកថូប៊ីយ៉ាជាមន្ត្រីសាសន៍អាំម៉ូន និងកេសែមជាជនជាតិអារ៉ាប់ បានដឹងដំណឹងនេះ ពួកគេនាំគ្នាសើចចំអក និងមើលងាយពួកយើង ដោយពោលថា៖ «តើអ្នករាល់គ្នាចង់ធ្វើអ្វីហ្នឹង? តើអ្នករាល់គ្នាចង់បះបោរប្រឆាំងនឹងព្រះចៅអធិរាជឬ?»។