1. នៅខែចេត្រ ក្នុងឆ្នាំទីម្ភៃនៃរជ្ជកាលព្រះចៅអើថាស៊ើកសេស ក្នុងពេលដែលស្ដេចកំពុងសោយព្រះស្ងោយ ខ្ញុំបានយកស្រាចាក់ថ្វាយស្ដេច។ ខ្ញុំពុំធ្លាប់មានទឹកមុខក្រៀមក្រំបែបនេះ នៅចំពោះព្រះភ័ក្ត្រស្ដេចឡើយ។
2. ព្រះចៅអធិរាជសួរខ្ញុំថា៖ «លោកគ្មានជំងឺទាល់តែសោះ ហេតុអ្វីបានជាលោកមានទឹកមុខក្រៀមក្រំបែបនេះ តើលោកពិបាកចិត្តរឿងអ្វី?»។ ពេលនោះ ខ្ញុំភ័យខ្លាចជាខ្លាំង។
3. ខ្ញុំទូលព្រះចៅអធិរាជវិញថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មគង់នៅជាដរាបតរៀងទៅ! តើមិនឲ្យទូលបង្គំមានទឹកមុខក្រៀមក្រំដូចម្ដេចបាន បើក្រុងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ នៅបាក់បែក រីឯទ្វារក្រុង ក៏ត្រូវភ្លើងឆេះអស់ទៅហើយ»។
4. ព្រះចៅអធិរាជមានរាជឱង្ការមកខ្ញុំថា៖ «តើលោកចង់សុំអ្វីពីយើង?»។ពេលនោះ ខ្ញុំក៏អធិស្ឋានដល់ព្រះនៃស្ថានបរមសុខ
5. រួចខ្ញុំទូលស្ដេចវិញថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ ហើយបើព្រះអង្គប្រណីសន្ដោសដល់ទូលបង្គំមែននោះ សូមចាត់ទូលបង្គំឲ្យទៅស្រុកយូដា គឺទៅក្រុងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ ដើម្បីសង់ក្រុងនោះឡើងវិញផង»។
6. ព្រះរាជាដោយមានព្រះមហេសីគង់នៅក្បែរផង សួរខ្ញុំទៀតថា៖ «តើលោកត្រូវការរយៈពេលប៉ុន្មាន ដើម្បីធ្វើដំណើរទៅ ហើយអង្កាល់ទើបលោកត្រឡប់មកវិញ?»។ ខ្ញុំទូលព្រះចៅអធិរាជពីពេលវេលាដែលខ្ញុំត្រូវត្រឡប់មកវិញ ហើយស្ដេចក៏យល់ព្រមឲ្យខ្ញុំចេញដំណើរ។